(ប៉េកាំង)៖ វិធីកាត់បន្ថយភាពក្រីក្រដ៏គួរឲ្យចាប់អារម្មណ៍របស់រដ្ឋាភិបាលចិននោះ គឺការប្រមែ ប្រមូលអ្នកក្រីក្រដែលកំពុងតែរស់នៅតំបន់ដាច់ស្រយាល ហៅមិនលឺទៅមិនដល់នោះ ឲ្យមករស់នៅតំបន់ថ្មីស្ថិតនៅជុំវិញក្រុង ឬប្រជុំជន ដែលនឹងអាចនាំឲ្យពួកគេជួបនូវឱកាសថ្មី សម្រាប់ការធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។ នេះបើតាមការផ្សាយពីស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។
ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាលចិនគោលដៅឆ្នាំ ២០២០ នោះ នៅក្នុងឆ្នាំ ២០១៦នេះ ចិនគ្រោងសម្រេចឲ្យបាននូវលទ្ធផលជម្លៀសប្រជាជនជាង ២លាននាក់ ពីតំបន់ដែលមានបរិស្ថានមិនអំណោយផលទាំងឡាយ នៅទូទាំងប្រទេស ទៅកាន់ទីក្រុង និង ប្រជុំជននានា ដែលអាចឲ្យពួកគេមានឱកាសប្រកបរបរ រកទទួលទានបានងាយស្រួល។
គួរបញ្ជាក់តាមតួលេខរបស់រដ្ឋាភិបាលថា ប្រជាជនចិនប្រមាណ ៧០លាននាក់កំពុងរស់នៅក្រោម បន្ទាត់នៃភាពក្រីក្រនៅឡើយ ដោយពួកគេរកចំណូលជាបានមធ្យមក្រោម ៣៥៣ដុល្លារអាមេរិក ប៉ុណ្ណោះក្នុងមួយឆ្នាំ។ នៅឆ្នាំខាងមុខៗ ចិនគ្រោងជម្លៀសប្រជាជនក្រីក្រឲ្យបាន ១០លាននាក់ក្នុងមួយឆ្នាំតែម្តង៕