(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តទទួលយកដូសជំរុញ ដែលរៀបចំដោយអាជ្ញាធរ និងក្រសួងសុខាភិបាល ដោយសម្តេចអះអាងថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំនោះ ប្រជាពលរដ្ឋមិនចាំបាច់ពាក់ម៉ាសឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែធ្វើឲ្យល្អនូវការពង្រឹងភាពស៉ាំសហគមន៍នេះ ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង បន្តទទួលយកនូវវ៉ាក់សាំងដូសជំរុញ ដូសទី៣ ឬដូសទី៤»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា «យើងបានឃើញហើយថា មកដល់ពេលនេះ អ្នកចាក់ដូសទី៣ ទើបតែបានជាង ៨លាននាក់ ក្នុងចំណោមមនុស្សដែលត្រូវបានចាក់ជាង ១៤លាននាក់ ហើយដូសទី៤ យើងចាក់បានជាង ១លាននាក់ អញ្ចឹងទេបានជាខ្ញុំឲ្យបើកយុទ្ធនាការឆ្ពោះទៅរកកម្មករតាមរោងចក្រ អ្នករកស៉ីលក់ដូរនៅតាមផ្សារ ព្រោះជាតំបន់ប្រមូលផ្តុំ អ្នកបើកបរតាក់ស៉ី អ្នកបើកបរកង់បី និយាយរួម អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យមានភាពស៉ាំសហគមន៍ ក្នុងចំណោមពួកគាត់ដែលងាយរងគ្រោះក្នុងការឆ្លង [...] បើកាលណាភាពស៉ាំក្នុងសហគមន៍ កាន់តែរឹងមាំ គឺកាតព្វកិច្ចពាក់ម៉ាស គ្មានការចាំបាច់ទៀតទេ»

សូមជម្រាបថា តាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានសម្រេចលើកលែងនូវកាតព្វកិច្ចពាក់ម៉ាសនៅក្នុងចំនួន៤ រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយប្រជាជន និងភ្ញៀវទេសចរអាចពាក់ម៉ាស ឬមិនពាក់ម៉ាសដោយខ្លួនឯង។ ប៉ុន្តែត្រូវចាំបាច់អនុវត្តកាតព្វកិច្ចពាក់ម៉ាស ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ នៅពេលធ្វើដំណើរចាកចេញពីព្រំប្រទល់ខេត្តទាំង ៤ខាងលើ ពិសេសគឺត្រូវបន្តអនុវត្តវិធានសុខាភិបាល វិធានការ «៣ការពារ និង៣កុំ»។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន កម្ពុជាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាទប់ស្កាត់កូវីដ១៩ មិនមែនស្ថិតនៅលើប្រទេស ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ៕