(ពោធិ៍សាត់)៖ លោក ជាវ តាយ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ មន្ត្រីអ្នកមុខ អ្នកការ ក្រុមហ៊ុន និងសប្បុរសជនទូទាំងខេត្ត មេត្តាចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់យកទៅប្រើប្រាស់ជួយដល់ ជនរងគ្រោះដោយប្រការផ្សេងៗ នៅក្នុងខេត្ត ហើយក៏សង្ឃឹមថា ឆ្នាំនេះនឹងទទួលបានថវិកាច្រើន ព្រោះថា លោក កែវ រតនៈ ដែលជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានខិតខំគៀងគររកថវិកាទាំងក្នុង និងក្រៅប្រទេសមកចូលរួម។
លោកបានអំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្ត សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីគណៈកម្មាធិការ ប្រធានកិត្តិយស អនុសាខា ស្រុក ក្រុង និងក្រុមប្រតិបត្តិសាខា សរុបចំនួន៣៩រូប។
លោកស្រី ឈុន លក្ខិណា និងលោក វណ្ណ ចាន់សារ័ត្ន មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានជម្រាបជូនអំពីរបាយការណ៍វិស័យអាទិភាពទាំង៤ ក្នុងត្រីមាសទី១ តាមយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០ គឺក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ សាខា និងអនុសាខាទាំង៧ បានឆ្លើយតបជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងបរិបទជំងឺកូវីដ១៩ និងរងគ្រោះដោយប្រការផ្សេងៗ បានចំនួន១,២៩១គ្រួសារ ទទួលជែលលាងដៃ ពីកាកបាទក្រហមកម្ពុជា បាន៧២៨កេស ត្រូវបានប្រគល់ជូនទៅតាមអនុសាខា ស្រុក ក្រុង ទាំង៧។ បានរៀបចំទិវាសុខភាពមាតា ទារក និងកុមារ ដោយចែកអំណោយ បានចំនួន៧៥គ្រួសារ ស្ត្រីទើបសម្រាលកូន បានចំនួន៦៣នាក់។ បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត បានចំនួន២៥នាក់ ផ្សព្វផ្សាយអប់រំយល់ដឹង អំពីមីនក្នុងតំបន់គោលដៅ បានចំនួន២១៥គ្រួសារ អំពីសុវត្ថិភាពចរាចរណ៍ និងពិការភាព បាន៤លើក មានអ្នកចូលរួម៩៥០នាក់ និងជំនួយសុខុមាលភាពសង្គម ដល់ប្រជាពលរដ្ឋរងគ្រោះ បានចំនួន១,១៧៧គ្រួសារ ព្រមទាំងបានជ្រើសរើស និងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត បានចំនួន២៥នាក់ ។ ចំពោះទិសដៅអនុវត្តបន្តក្នុងត្រីមាសទី២ ឆ្នាំ២០២២ រៀបចំខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍ ដើម្បីគៀងគររកមូលនីធិ និងត្រៀមរៀបចំផ្សព្វផ្សាយកម្មវិធីសំខាន់ៗជាច្រើនទៀត។
ក្នុងឱកាសនោះលោក ជាវ តាយ បានពិនិត្យឃើញថា ត្រីមាសទី១នេះ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ ពីគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា ដែលមានតួនាទី ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ និងជាស្ថាប័ននាំមុខ ក្នុងវិស័យមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានោះ តែងតែយកចិត្តទុកដាក់ ការងារគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ និងមនុស្សព្រមទាំងសុខុមាលភាពសង្គម។ គោលការចម្បងពាក់ព័ន្ធទៅនឹងគៀងគរមូលនីធិ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សម្រាប់យកប្រើប្រាស់ជួយដល់ ជនរងគ្រោះដោយប្រការផ្សេងៗនៅក្នុងខេត្ត។
ជាមួយគ្នានោះ សម្រាប់ឆ្នាំនេះ លោក និងលោកស្រីផ្ទាល់ បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន១ម៉ឺនដុល្លាររួចមកហើយ និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចំនួន១ម៉ឺនដុល្លារអាមេរិក ដើម្បីបើកមុខក្នុងការ ប្រមូលថវិកាមូលនីធិ។ ដោយឡែកអនុសាខាកាក បាទក្រហមស្រុក ក្រុង ត្រូវតែរៀបចំពិធី និងគៀងគររកថវិកាដោយខ្លួនឯង និងបញ្ជូនទូរលេខមកខេត្ត សម្រាប់បូកសរុបចំពោះថវិកាគ្រប់គ្រង និងប្រើប្រាស់តាមស្រុក ក្រុង នៅពេលមានករណីគ្រោះមហន្តរាយកើតឡើង។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកផ្ទាល់ និងដោយមានការឯកភាព ពីសមាជិក សមាជិកា គណៈកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា បានសម្រេចប្រកាសតែងតាំង លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណកា និងដឹកជញ្ជូនខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា ជំនួសលោក ខូយ រីដា ដែលបានទៅកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងផងដែរ៕