(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថាមិនត្រូវបណ្ដោយ ឱ្យកងទ័ពរុស្ស៉ីទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

ការលើកឡើងបែបនេះរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំ ប្រទេសលោកខាងលិច ដែលរៀបចំតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធាធិបតីអាមេរិក ចូ បៃដិន ប្រធានាធិបតីបារំាង លោក ម៉ាក្រុង ព្រមទាំងប្រធានាធិបតីប៉ូឡូញ, ប្រធានាធិបតីរូម៉ានី, នាយករដ្ឋមន្រ្តីអង់គ្លេស, នាយករដ្ឋមន្រ្តីអ៊ីតាលី, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រធានគណៈកម្មការអឺរ៉ុប និងប្រមុខ NATO ផងដែរ។

ថ្លែងចំពោះមុខមេដឹកនាំទាំងអស់ អធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នា, រួមមានសម្ព័ន្ធមិត្ត សហភាពអឺរ៉ុប និង NATO ត្រូវតែរួបរួមគ្នា មិនឲ្យរុស្ស៉ីយកឈ្នះលើសង្រ្គាមនេះ»។ លោកបន្ថែមថាដោយសំដៅទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ថាឲ្យបញ្ឈប់ការបាញ់ផ្លោងនានា ក្នុងទីក្រុងរបស់អ៊ុយក្រែន ហើយអនុញ្ញាតឲ្យមានបទឈប់បាញ់គ្នា និងដកកងទ័ពរុស្ស៉ីចេញ ជាបន្ទាន់ រួចបញ្ឈប់សង្រ្គាមដ៏អាក្រក់នេះ៕