(សៀមរាប)៖ ក្រុមលេងភ្លេងពិការនៅប្រាសាទតាព្រហ្ម បានចាប់ផ្តើមប្រគំជូនអ្នកទេសចរស្ដាប់ឡើងវិញ ហើយក៏អាចរកចំណូលបានខ្លះៗដែរ ក្រោយទេសចរចាប់ផ្តើមវិលត្រឡប់មកវិញ ដោយសារភាពធូរស្រាលនៃជំងឺកូវីដ១៩។
លោក ផូក នី ដែលជាប្រធានក្រុមលេងភ្លេងនៅប្រាសាទតាព្រហ្ម បានលើកឡើងថា ក្រុមលោករកចំណូលបានខ្លះៗឡើងវិញ ក្រោយពេលអ្នកទេសចរចាប់ផ្តើមមកលេងប្រាសាទ ទោះបីចំណូលនោះ មិនច្រើនដូចកាលមុនកូវីដ១៩ក្ដី។ លោកបន្តថា កាលពីមុនជំងឺកូវីដ១៩ លោកអាចរកចំណូលបានគួរសម្យ ពីការលក់ CD ភ្លេង ហើយក្នុង CD មួយតម្លៃ ១០ដុល្លារ និងលេងភ្លេងច្រៀងចម្រៀងឱ្យភ្ញៀវទេសចរស្តាប់ ដែលអ្នកទេសចរណ៍ខ្លះ ក៏បានបរិច្ចាគថវិកាខ្លះឱ្យ។
លោកបន្តទៀតថា ចាប់ពីមានជំងឺកូវី១៩មក គឺពិបាករកចំណូលណាស់ ដោយសារមិនសូវមានភ្ញៀវទេសចរបរទេសមកកម្សាន្តច្រើនដូចកាលពីមុន។ សម្រាប់ចំណូលក្នុងមួយថ្ងៃកាលពីមុន ប្រសិនបើលក់ (CD) ដាច់ អាចបានចំណូលពី ២ម៉ឺន ទៅ ៣ម៉ឺនរៀលក្នុងមួយនាក់ គ្រាន់បានផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ លោកបន្តថា ដោយសារកូវីដ ធ្វើឱ្យជីវភាពក្រុមភ្លេងពិការនេះ មានភាពលំបាក ខ្វះព្រឹកខ្វះល្ងាច។
លោក ផូក នី បន្តទៀតថា លោកចេះលេងភ្លេងតាំងតែពីក្មេងមកម្ល៉េះ ដោយសារពីមុនមកលោកលេងនៅតន្ត្រីតាមភូមិ ហើយបានមកលេងនៅប្រាសាទតាព្រហ្មនេះ រយៈពេល ១៩ឆ្នាំមកហើយ។ ក្រុមលេងភ្លេងរបស់លោកសុទ្ធតែជាជនពិការទាំង គឺពិការដោយសារគ្រាប់មីន។
ចំណែកលោក លឹម ថន បានប្រាប់ថា លោកចេញពីផ្ទះមកលេងភ្លេងតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ៤រសៀលទើបត្រឡប់ទៅផ្ទះវិញ ហើយចំណូលរកបានពី ២ម៉ឺនរៀល ទៅ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកចេះលេងភ្លេងនេះ ក៏ដោយសារតែខាងជនពិការអង្គរគេជ្រើសរើស ហើយលោកបានចូលរៀន ទើបបានចេះរហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីលេងភ្លេងនេះ ក្រុមលេងភ្លេងទាំងអស់ មិនមានមុខរបរផ្សេងនោះទេ។
ជាមួយនេះក្រុមភ្លេងជនពិការនៅប្រាសាទតាព្រហ្ម សង្ឃឹមថា ឆាប់ៗនេះ នឹងមានភ្ញៀវទេសចរកាន់តែច្រើនមកកម្សាន្តច្រើនដូចមុនវិញ ដើម្បីឲ្យក្រុមភ្លេងរកចំណូលបានសមរម្យ យកផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ ដ្បិតរាល់ថ្ងៃនេះ ថ្ងៃខ្លះក៏បានថវិកាយកឲ្យគ្រួសារ តែថ្ងៃខ្លះទៀតក៏មិនបានសូម្បីតែមួយរយរៀលផង៕