(ភ្នំពេញ)៖ នៅក្នុងឱកាសសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានកត្តា៦ចំណុច ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយបាន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំនេះ។

សម្តេចបានបញ្ជាក់បន្ថែមថា កត្តាទាំង៦ចំណុចនេះ រួមមាន៖

ទី១៖ កត្តាសុខសន្តិភាព៖ បើគ្មានសន្តិភាពទេកុំសង្ឃឹមថាទៅលេងនៅកន្លែងណាបាន ហើយមិនអាចនិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានទេ។ សម្តេចរម្លឹកអំពីការផ្សព្វផ្សាយរបស់ Fresh News ដែលរំលឹកអំពីថ្ងៃចូលឆ្នាំថ្មី កាលពី៤៧ឆ្នាំ ដែលប្រជាជនសម្រុកចេញពីទីក្រុងភ្នំពេញ ដោយការជម្លៀសរបស់ខ្មែរក្រហម។ សន្តិភាពបានផ្តល់ឱកាសឱ្យពលរដ្ឋកម្សាន្តសប្បាយ ហើយតំបន់ធ្លាប់ប្រយុទ្ធបានក្លាយទៅជាតំបន់ទេសចរណ៍របស់ប្រជាជន ដូច្នេះហើយបានជាសម្តេចនិយាយថា ត្រូវខិតខំការពារសន្តិភាពឱ្យបានទោះតម្លៃណាក៏ដោយ កុំចាំដល់បាត់បង់សន្តិភាព ទើបស្រែករកសន្តិភាព។

ទី២៖ កត្តាហេដ្ឋរចនាសម្ព័ន្ធ៖ កន្លងទៅយើងធ្លាប់ឆ្លងសាឡាងនៅព្រែកក្តាម ព្រែកតាមាក់ ទន្លេបិទ អ្នកលឿង ក្រូចឆ្មារ-ស្ទឹងត្រង់ ឥឡូវមិនមានឆ្លងសាឡាងទៀតទេ គឺមានស្ពានហូរហែរ។ ការអភិវឌ្ឍរបស់កម្ពុជាមិនថយក្រោយទេ។ យើងខិតខំវិនិយោគដោយខ្លួនឯង រកទុនពីបរទេសមកដើម្បីធ្វើផ្លូវធ្វើស្ពាន។ ត្រង់ចំណុចនេះ សម្តេចក៏បានប្រកាសសាងសង់ស្ពានបេតុង នៅកោះយ៉-បាក់ខ្លង ខេត្តកោះកុងផងដែរ ដែលស្ពាននេះឧ បត្ថម្ភដោយ អ្នកឧកញ៉ា លី យ៉ុងផាត់។

ទី៣៖ កត្តាមធ្យោបាយធ្វើដំណើរកាន់តែច្រើន៖ ពលរដ្ឋខ្មែរពេលនេះមានឡានមានម៉ូតូ ក្រៅពីនោះមានរថយន្តឈ្នួល និងតាក់ស៊ី។ សម្តេចថ្លែងថា ឆ្នាំនេះទោះបីជាសាំងឡើងថ្លៃមួយកម្រិត ប៉ុន្តែពលរដ្ឋខ្មែរនៅតែអាចដើរលេងបាន ប៉ុន្តែទោះជាយ៉ាងណា តម្លៃប្រេងសាំងរបស់កម្ពុជានេះ គឺថោងជាអឺរ៉ុប និងអាមេរិកផងដែរ។

ទី៤៖ កត្តាប្រាក់ចំណូល៖ ទោះបីជាកូវីដ១៩ វាយប្រហារតែពលរដ្ឋខ្មែរនៅតែអាចរកបានដើម្បីដើរកម្សាន្តឱកាសចូលឆ្នាំ។ ចរន្តសាច់ប្រាក់នៅពេលនេះ គឺបានផ្ទេរពីអ្នកមានចំណូលខ្ពស់ និងមធ្យម ទៅកាន់ពលរដ្ឋដែលមានចំណូលទាប។ ត្រង់ចំណុចនេះ សម្តេចក៏បានជំរុញឱ្យក្រសួងសេដ្ឋកិច្ច បើកប្រាក់ដល់មន្រ្តីរាជការឱ្យបានមុនកាលកំណត់បន្តិច ដោយសារតែពួកគាត់បានចាយលុយអស់ច្រើន នៅក្នុងឱកាសចូលឆ្នាំថ្មី។

ទី៥៖ កត្តាកើតឡើងនូវតំបន់ទេសចរណ៍ថ្មី ដែលហៅថា ទេសចរផ្សាភ្ជាប់ទឹកដី៖ សម្តេចលើកឡើងថា ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ គឺការគ្រប់គ្រង និងបោះចោលសំរាមល្អប្រសើរជាងមុន ដោយសារពលរដ្ឋយើងមានការភ្ញាក់រលឹក និងចាស់ទុំជាមុន។ ចំណុចមួយទៀត គឺអាជ្ញាធរបានយកចិត្តទុកដាក់រឿងសំរាមនៅតាមមូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាមបង្កើនការយកចិត្តទុកដាក់ប្រមូលសំរាម ពេលមានបុណ្យទាន។ សម្តេចបានលើកឡើងថា ពេលនេះមានការកើតឡើងនូវសហគមន៍ទេសចរណ៍នានា នៅតាមមូលដ្ឋាន ដែលហៅថាទេសចរផ្សាភ្ជាប់ទឹកដី ដោយពលរដ្ឋស្រលាញ់បរិស្ថាន និងប្រើប្រាស់បរិស្ថានដើម្បីទាក់ទាញយកលុយចៀសជាងបាញ់សត្វ និងកាប់ឈើ។ តំបន់ទេសចរណ៍ទាំងឡាយ ក្លាយជាគោលដៅទាក់ទាញប្រជាជន។

ទី៦៖ កត្តាភាពស៊ាំសហគមន៍ ដែលកើតចេញមកពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់ប្រជាជនក្នុងការចាក់វ៉ាក់សាំង។ សម្តេចសង្កេតឃើញថា កាលពីអំឡុងបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ពលរដ្ឋមិនសូវមានការពាក់ម៉ាស់ ហើយរក្សាគម្លាតនោះទេ ប៉ុន្តែអត្រាឆ្លងក៏មិនមានការកើនឡើងនោះដែរ។ សម្តេចចោទជាសំណួរថា នៅពេលដែលឃើញពលរដ្ឋសប្បាយរីករាយ តើសម្តេចកំពុងកើតពីអ្វី? ហើយតើពេលប្រជាពលរដ្ឋលំបាកតើសម្តេចកំពុងគិតពីអ្វី? សម្តេចបញ្ជាក់ថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ កាតព្វកិច្ចពាក់ម៉ាស់នឹងមិនចាំបាច់ទៀតទេ។

សូមបញ្ជាក់ថា បើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥,១៧៥,៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៥៩នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់៕