(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងពីការជួយរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកកសាងសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជប៉ុនបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ឆ្នាំ១៩៥៣ទៅទៀត ដែលការទទួលស្គាល់របស់ជប៉ុននេះ បានជួយជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា បន្ទាប់មកទៀត ជប៉ុនបានចូលរួមថែរក្សាសន្តិភាព តាមរយៈការផ្តល់នូវវេទិកា សម្រាប់ការជួបប្រជុំរវាងភាគីកម្ពុជា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ជប៉ុនក៏បានចូលរួមអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ តាមរយៈបញ្ជូនកងទ័ពមកកាន់កម្ពុជា។ ជុំវិញការផ្តល់ជំនួយជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កម្ពុជា នៅពេលមានការលំបាក។
ការលើកឡើងពីការចូលរួមរបស់ជប៉ុន ក្នុងការរួមចំណែកជួយដល់ការចរចារកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជានេះ ធ្វើឡើងក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការរួមចំណែករបស់ជប៉ុនតាមរយៈ នៃការចូលរួមរក្សាសន្តិភាព ដែលក្នុងនោះជប៉ុនបានផ្តល់វេទិកា សម្រាប់ការជួបជុំរវាងភាគីកម្ពុជា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅឯទីក្រុងតូក្យូ ជំនាន់អតីតនាយករដ្ឋមន្ត្រី ខៃហ្វូ ដែលគាត់ទើបទទួលមរណភាព នៅប៉ុន្មានខែមុននេះ។ បន្ទាប់ទៅជប៉ុនក៏បានចូលរួមចំណែកអនុវត្តន៍ នូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការបញ្ជូនកងទ័ពរបស់ជប៉ុនមកកាន់កម្ពុជា [...] បន្ទាប់ទៀតជប៉ុនបានដើរតួនាទីជាសហប្រធានអាយគក (បារាំង និងជប៉ុន) សម្រាប់ការផ្តល់ជំនួយ ដែលពេលខ្លះប្រជុំនៅតូក្យូ និងប្រជុំនឹងប៉ារីស បន្ទាប់មកទៀតជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាបន្តបន្ទាប់ នៅពេលកម្ពុជាជួបការលំបាក»។
សម្តេតេជោបានថ្លែងទៀតថា នៅឆ្នាំ២០២៣ គឺជាឆ្នាំទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ខណៈនៅឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរខួបលើទី៣០ នៃការបញ្ជូនកងស្វ័យការពារជប៉ុន មកបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៃប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលសមិទ្ធផលនានាជាច្រើន ដែលបានកើតឡើងតាមរយៈការធ្វើទំនាក់ទំនងការទូតយ៉ាងល្អរវាងកម្ពុជា និងជប៉ុន៕