(រតនគិរី)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានបន្ដចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តរតនគិរី។
ក្នុងបេសកកម្មនៅពេលនេះ លោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសអូស្ត្រាលីប្រចាំកម្ពុជា, លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះ ពីលោកស្រី បានក្រើនរំលឹកដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ តំណាងអង្គការ WHO, អង្គការ UNICEF និងឯកអគ្គរដ្ឋទូតអូស្ដ្រាលី សុទ្ធតែបានស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះតែម្ដង។
បន្ទាប់បញ្ចប់ការពិនិត្យដំណើរការចាក់វ៉ាក់សាំង លោកស្រី ឱ វណ្ណឌីន ក៏បានបន្ដដំណើរពិនិត្យកន្លែងស្ដុកវ៉ាក់សាំង នៅមន្ទីរសុខាភិបាលខេត្តរតនគិរីផងដែរ។
សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩បាន ដោយប្រើប្រាស់យុទ្ធសាស្រ្តចម្បង ចាក់ស្រោចវ៉ាក់សាំងកូវីដជូនប្រជាពលរដ្ឋអាយុពី៣ឆ្នាំឡើង។ សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងចាប់ពីដូសទី១ ដល់៤ អាចទៅចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ឫទីតាំងដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន ដោយត្រូវភ្ជាប់ទៅជាមួយ កាតចាក់វ៉ាក់សាំងកូវីដ សំបុត្រកំណើត ឫអត្តសញ្ញាណប័ណ្ណជាដើម៕