(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយ មូលដ្ឋានខណ្ឌឬស្សីកែវ និងលោក យឹម លាង អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌឬស្សីកែវ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ ដើម្បីពិនិត្យមើលផែនការសកម្មភាព និងទិសដៅការងារសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

នាឱកាសនោះ លោក យឹម លាង បានថ្លែងអំណរគុណដល់ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឬស្សីកែវ ដែលបានរាយការណ៍យ៉ាងក្បោះក្បាយ អំពីសភាពការណ៍ទូទៅនៅតាមសង្កាត់ទាំង៧ និងបានថ្លែងអំណរគុណចំពោះក្រុមការងារ និងអាជ្ញាធរសង្កាត់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបានជំរុញឲ្យគណៈកម្មាធិការបក្សសង្កាត់កសាងសមាជិកបក្សបន្ថែមទៀត។

បន្ថែមពីនេះ លោក យឹម លាង ក៏បានជុំរុញដល់ក្រុមការងារ និងអាជ្ញាធរឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមមាន៖ ចូលរួមទប់ស្កាត់បទល្មើស គ្រប់ប្រភេទ ពិសេស សកម្មភាព លួច ឆក់ ប្លន់ ទី១។ ២-គ្មានបទល្មើស គ្រឿងញៀន។ ៣-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារ គ្មានអំពើ ហិង្សាក្នុងគ្រួសារ និងគ្មានក្មេង ទំនើង។ ៤-មានអនាម័យ មាន សោភណ្ឌភាពល្អ និងបរិស្ថានល្អ។ ៥-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ ដូចជាប្រធានជម្ងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ ៦-ផ្ដល់សេវារដ្ឋបាល និង សេវាសាធារណៈ ប្រកបដោយ គុណភាព តម្លាភាព និងទទួល បានជំនឿទុកចិត្ត។ ៧-ដោះស្រាយវិវាទ នៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព។ ៨-គ្មានគ្រោះថ្នាក់ ចរាចរណ៍ ជាដើម។

លោក យឹម លាង ក៏បានបញ្ជាក់ពីសេចក្ដីព្រាង លក្ខណសម្បត្តិ គោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព មានគោលបំណង បន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខមាលភាព ប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រោះ មហាន្តរាយ និងជម្ងឺឆ្លង រាតត្បាត គ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅ មូលដ្ឋាន។ គ្រប់ចំណុច នៃគោលនយោបាយនេះ គឺដើម្បីបង្ក ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅ មូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំង សរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយ សមត្ថកិច្ច ផ្នែកសាធារណៈ ផ្នែក ឯកជន ផ្នែកពាក់ព័ន្ធ និង ប្រជាជនទូទាំងប្រទេស៕

លោក អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងខណ្ឌឬស្សីកែវ ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងមានទំនួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះនឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក។

ប៉ុន្តែក៏ត្រូវចាប់អារម្មណ៍ផងដែរថា គណបក្សដ៏ទៃដែលមកឈឈ្មោះបោះឆ្នោតនៅក្នុងសង្កាត់របស់យើង គេក៏ចង់ទទួលបានជ័យជំនៈដូចយើងដែរ ដូច្នេះសូមបេក្ខជនទាំងពេញសិទ្ធិ និងបម្រុងត្រូវខិតខំទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋឲ្យខាងតែបាន ជាពិសេសបេក្ខជនដែលកំពុងនៅក្នុងតំណែងត្រូវតែបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អនិងទាន់ពេលវេលា ដោយមិនប្រកាន់បក្ខពួក។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា សមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

ជាមួយគ្នានោះ លោកប្រធាន បានជំរុញឲ្យធ្វើការផ្សព្វផ្សាយនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានសង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនោះក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង៧ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

លោកបន្ថែមថា ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ៕