(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក លី ច័ន្ទតុលា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគណៈមេធាវីនៃទីក្រុង Marseille ដឹកនាំដោយលោក Jean-Raphaël FERNANDEZ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក លី ច័ន្ទតុលា ក៏បានបង្ហាញជូនដោយផ្ទាល់ទៅគណៈប្រតិភូនូវហេដ្ឋារចនាសម្ព័ន្ធគណៈមេធាវី រួមមានទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបណ្ណាល័យ មណ្ឌលច្បាប់ បន្ទប់សវនាការត្រាប់ បន្ទប់សិក្សារបស់សិស្សមេធាវី បន្ទប់ស្ទូតឌីយូ និងបន្ទប់ ប្រជុំក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ ប្រធានគណៈមេធាវីទាំងពីរក៏បានជួបពិភាក្សាការងារសំខាន់ៗមួយចំនួន ក្នុងនោះក៏មានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងឆន្ទៈរួមរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃទីក្រុង Marseille ក្នុងគោលបំណងសំខាន់ៗ ដូចជាការលើកកម្ពស់ទំនាក់ទំនងរវាងគណៈមេធាវីទាំងពីរ ការបង្កើតមិនត្រឹមតែទំនាក់ទំនងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតទំនាក់ទំនងមិត្តភាពដើម្បី ជំរុញឱ្យមាននីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិទទួលបានការការពារផងដែរ។
តាមរយៈនៃខ្លឹមសារ និងស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គណៈមេធាវីទាំងពីរនឹងផ្តោតទៅលើ៖
*ទី១៖ ការជំរុញឱ្យមានទំនាក់ទំនងរវាងសមាជិក សមាជិការបស់ខ្លួនកាន់តែប្រសើរឡើង។
*ទី២៖ ការជំរុញឱ្យមានកិច្ចប្រជុំ និងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក។
*ទី៣៖ ការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលស្តីពីបញ្ហាច្បាប់ ឬបញ្ហាវិជ្ជាជីវៈដែលជាផលប្រយោជន៍រួមក្នុងទិសដៅឈានទៅបង្កើតចរន្តកិច្ចការវិជ្ជាជីវៈថ្មី និងទីផ្សារថ្មីៗទៀត។
*ទី៤៖ កម្មសិក្សាដោយការអនុវត្តផ្ទាល់ ដោយធានាជំរុញផ្សព្វផ្សាយនូវលទ្ធភាពទៅដល់មេធាវីទើបតែចូលប្រកបវិជ្ជាជីវៈ ឬកម្មសិក្សាការី ឱ្យយល់ដឹងអំពីការអនុវត្តជាក់ស្តែងនៅក្នុងវិជ្ជាជីវៈជាមេធាវី ក្នុងគណៈមេធាវីរបស់ខ្លួន ឬតាមរយៈមធ្យោបាយផ្សេងៗជាអាទិ៍ តាមរយៈការចុះកម្មសិក្សានៅតាមការិយាល័យមេធាវី៕