(បន្ទាយមានជ័យ)៖ ក្រោយពីបញ្ចប់កិច្ចការងារការពារសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាល ការពាព្រំដែនគោកលេខ៨៩១ បានបន្តចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខលើកទឹកចិត្តដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលឈរជើងការពារតាមគោលដៅនីមួយៗ។
នាឱកាសនោះ លោកស្នងការខេត្ត បានអំពាវនាវសូមឱ្យកងកម្លាំងទាំងអស់ ដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវចេះសហការគ្នាជាមួយនឹងកម្លាំងយោធាភាគីថៃ ឱ្យបានរឹងមាំ និងបានជំរុញឱ្យកម្លាំងទាំងអស់ ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះប្រជាពលរដ្ឋចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩។
ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើងនៅទីនោះ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវពាក់ម៉ាស់ រក្សាគម្លាត ព្រោះវាជាកិច្ចការចម្បងដែលត្រូវអនុវត្តដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕