(សេអ៊ូល)៖ ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងត្បូង និងសហគមន៍អន្តរជាតិ នឹងមិនដែលទទួលស្គាល់ថា កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែនោះទេ នេះបើយោងតាមការ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
«ជំហររឹងមាំរបស់យើង និងសហគមន៍អន្តរជាតិ គឺយើងនឹងមិនទទួលស្គាល់ថា ប្រទេសកូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែនោះទេ»។ នេះជាសំដីរបស់លោក Moon Sang-gyun អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹង ក្នុងសន្និសីទព័ត៌មានមួយ។
លោកបន្តថា រដ្ឋាភិបាល នឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំរុញឲ្យកូរ៉េខាងជើង បោះបង់មហិច្ឆតានុយក្លេអ៊ែរបស់ខ្លួន តាមរយៈការដាក់សម្ពាធ និងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ក្រសួងការបរទេសកូរ៉េខាងត្បូង ក៏បានច្រានចោល សំណើរបស់មេដឹកនាំ កូរ៉េខាងជើង លោក គឹម ជុនអ៊ុន ក្នុងការធ្វើកិច្ចពិភាក្សាយោធាទ្វេភាគី ដោយសារមិនសមហេតុផល ព្រមទាំងបានជំរុញឲ្យ កូរ៉េខាងជើង បញ្ឈប់អាកប្បកិរិយាបង្កហេតុរបស់ខ្លួន ហើយជ្រើសរើសមធ្យោបាយ ឆ្ពោះទៅរកការដកកម្មវិធីអាវុធនុយក្លេអ៊ែ តាមសន្តិវិធី៕