(កំពង់ឆ្នាំង)៖ នាយឧត្តសេនីយ៍ គន់ គីម អគ្គមេបញ្ជាការង និងជានាយកសេធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងជំរុញឲ្យកម្លាំងយោធាបង្កើនការប្រុងប្រយ័ត្ន ចំពោះសភាពការណ៍ប្រទេសជាតិ ក៏ដូចជាបញ្ហាកើតឡើងក្នុងសង្គមនាពេលបច្ចុប្បន្ន ។ នាយឧត្តមសេនីយ៍ គន់ គីម ប្រកាសថាលោកប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណា ដែលមានល្បិចកិច្ចកលបង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ កើតចេញពីការបោះឆ្នោត។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និង លើកទិសដៅបន្តរបស់កងពលតូចអន្តរាគមន៍លេខ១ ដែលមានមូលដ្ឋានឈរជើងក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ព្រំ ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ក៏បានប្តេជ្ញាអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានយកចិត្តទុកដាក់ក្តាប់ជាប់រាល់សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន សភាពការណ៍នយោបាយជាតិ អន្តរជាតិ និងបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន៕