(ហាណូយ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាម បានលើកឡើងថាដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មកកាន់ទីក្រុងហាណូយ នៅចុងខែឧសភា ខាងមុខនេះ នឹងមានប្រធានបទកំពូលជាច្រើនដែលត្រូវលើកយកមកពិភាក្សា។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា នាពេលខាងមុខនេះត្រូវបានគេរំពឹងទុកថា ភាគីទាំងពីរ វៀតណាម និងអាមេរិក នឹងលើកយកបញ្ហាប្រឈមមួយចំនួនមកពិភាក្សាគ្នាជាពិសេសគឺ ការដោះស្រាយបញ្ហាដែលសេសសល់ពីសម័យសង្គ្រាម រវាងប្រទេសទាំងពីរ ដែលបានរារាំង ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកន្លងមក។
បន្ថែមពីបញ្ហាខាងលើនេះ អាមេរិកក៏នឹងលើកឡើងពីការអភិវឌ្ឍប្រក្របដោយភាពរីកចំរើន និង សន្តិសុខរឹងមាំរបស់វៀតណាម ដោយឈរលើគោលការគោរពសិទ្ធិមនុស្ស និង ច្បាប់។ កត្តា ដែលបានលើកឡើងខាងលើនេះ វាមិនមែនជាផលប្រយោជន៍សម្រាប់តែប្រជាជនវៀតណាម ប៉ុណ្ណោះទេ តែវាក៏ជាផលប្រយោជន៍សម្រាប់ប្រជាជនអាមេរិកដែរ។ នេះបើតាមការលើកឡើង របស់លោក Daniel Russel អ្នកនាំពាក្យអាមេរិកលើកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក៕