(ភ្នំពេញ)៖ ដោយសារតែក្រសួងអប់រំគ្មានបទពិសោធន៍ លើការដឹកជញ្ជូនឈើ ទើបប្រមុខរាជរដ្ឋាភិបាលបានសម្រេច បង្កើតគណៈកម្មការលើការដេញថ្លៃឈើទាំងជាង៧ម៉ឺនម៉ែត្រគូប ប៉ុន្តែលុយទាំងនេះនឹងត្រូវប្រគល់ជូនក្រសួងអប់រំ ដើម្បីយកទៅប្រើប្រាស់ និងចាត់ចែងលើវិស័យអប់រំ។

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់បទសម្ភាសន៍ដល់អង្គភាព Fresh News តាមប្រព័ន្ធ WhatsApp នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា ដើម្បីបញ្ជាក់បន្ថែមលើប្រសាសន៍សម្តេចតេជោ ក្រសួងអប់រំមិនមានបទពិសោធន៍លើរឿងនេះហេតុដូច្នេះហើយ ត្រូវមានការបង្កើតគណៈកម្មការ ធ្វើការដេញថ្លៃ ហើយលុយដែលបាននោះ ត្រូវប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បម្រើប្រាស់លើវិស័យអប់រំ។ រដ្ឋមន្រ្តីរូបនេះ ក៏បានបង្ហាញការព្រួយបារម្ភផងដែរ បើសិនក្រសួងអប់រំធ្វើការដឹកជញ្ជូនឈើពីក្នុងព្រៃ នោះការដឹកជញ្ជូនតែងតែមានការបន្លំ និងលើកពីអ្វីដែលរដ្ឋ និងមន្រ្តីជំនាញបានកំណត់។

ឈើបើចេញតាមឡានគឺគ្រប់គ្រងអត់បានទេ រាល់ថ្ងៃបញ្ហាគឺ LP PC ចេញដោយរដ្ឋបាលព្រៃឈើ គាត់ចេញតែប៉ុន្មានទេ តែអ្នកលួចដឹកច្រើនអាហ្នឹងចង់និយាយថា សំបុត្រអនុញ្ញាតមួយតែដឹកមិនចេះចប់អាហ្នឹងទី១ ហើយទី២ មន្រ្តីបរិស្ថានខិលខូចចេះតែមានហើយ នៅក្នុងព្រៃនោះ ហើយក្រសួងអប់រំមិនមានបទពិសោធន៍ ដូច្នេះយើងកំពុងពិចារណាគ្នាទេថា យើងដឹកឈើចេញពីព្រៃមកទុកនៅទីទួលមានសុវត្ថិភាព ហើយយើងពិគ្រោះតម្លៃ រួចថវិកានេះប្រគល់ជូនក្រសួងអប់រំតែម្តង»។

នៅព្រឹកមិញសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចឯកភាពឲ្យបង្កើត គណៈកម្មការដេញ ថ្លៃឈើជាង៧ម៉ឺនគូប ដែលរឹបអូសពីការជួញដូរខុសច្បាប់នោះ ដើម្បីកែច្នៃផ្គត់ផ្គង់នៅក្នុងស្រុក តែមិនមានការជួញដូរទៅក្រៅប្រទេសនោះទេ។ សម្តេច ហ៊ុន សែន បន្តថា ការបង្កើតគណៈកម្មការដេញថ្លៃឈើ ជាង៧ម៉ឺនគូប គឺជាការសម្រួលទៅដល់ការងាររបស់ ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីសម្តេច សង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានលទ្ធភាពដើម្បីទៅដឹក ជញ្ជូនយកឈើទាំងអស់នោះ។

ថ្លែងឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅព្រឹកនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នោះថា «ខ្ញុំបានប្រកាសថាឈើដែលចាប់ បានទាំងអស់មិនដាក់ឲ្យដេញថ្លៃនាំចេញទេ ឈើទាំងអស់ ត្រូវប្រើចូលទៅក្នុងវិស័យអប់រំដោយ យកទៅធ្វើជាសាលារៀន យកទៅធ្វើជាផ្ទះគ្រូបង្រៀនជាដើមប៉ុន្តែឆ្លងតាម ការពិភាក្សាគ្នានោះ ឈើរឹបអូសបានប្រមាណជា៧ម៉ឺនគូប ក្រសួងអប់រំគ្មានលទ្ធភាពដើម្បីយកទៅអារខ្លួនឯងនោះទេ ដូច្នេះហើយបានជាក្រសួងមាន សំណូមពរដើម្បីធ្វើ ការដេញថ្លៃសម្រាប់ការប្រើប្រាស់។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីខ្ញុំនឹកឃើញថា ឈើខ្លះនៅក្នុងព្រៃឲ្យអ្នកគ្រូ លោកគ្រូ ទៅដឹកគឺងាប់ហើយចឹងខ្ញុំ ក៏យល់ព្រមបង្កើតគណៈកម្មការឲ្យធ្វើការដាក់ ដេញថ្លៃការប្រើប្រាស់ក្នុងស្រុក មិនមែនសម្រាប់បញ្ចូនទៅក្រៅប្រទេសទេ ប៉ុន្តែថវិកាដែលបានមកពីឈើខុសច្បាប់ ត្រូវប្រើប្រាស់ថវិកានោះបន្ថែម លើកថវិកាខាងវិស័យអប់រំ ចឹងគេអាចយកទៅច្នៃពីការយកឈើទៅយកលុយ ហើយយកលុយទៅទិញឈើធ្វើសាលា ផ្ទះគ្រូ វាមានអីទាស់គ្នា ចឹងចំណុចនេះ គ្រាន់តែបញ្ជាក់ដើម្បីកុំឲ្យអ្នកចាំចាប់កំហុសចេះតែចាប់»

កន្លងមក សម្តេច ហ៊ុន សែន បានប្រកាសប្រគល់ឈើជាង ៧ម៉ឺនគូប ដែលរឹបអូសបានពីការកាប់ឈើខុសច្បាប់ ទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅសាងសង់ សាលារៀន និងផ្ទះ ជូនលោកគ្រូ អ្នកគ្រូ តែដោយសារតែ ក្រសួងបានអះអាងថា ពុំមានលទ្ធភាពគ្រប់គ្រាន់ និងពិបាកនៅក្នុងការ ដឹកជញ្ចូនចេញពីព្រៃ ទើបសម្តេច ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ ដេញថ្លៃឈើជាង ៧ម៉ឺនគូប ដើម្បីសម្រួលការងារដល់ក្រសួងអប់រំ យុវជន និងកីឡា៕