(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចេញលិខិតអបអរសាទរ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ នេះបើតាមលិខិតអបអរសារទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
ក្នុងលិខិតអបអរសាទរ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដែលអ្នកឧកញ៉ា ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់អាណត្តិទី៣ នាថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
យើងខ្ញុំទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ និង ឆន្ទៈដ៏មោះមុតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ អ្នកឧកញ៉ា នឹងដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឆ្ពោះទៅរកការជោគជ័យ និងសម្រេចសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ ក្នុងនាមខ្ញុំជា ប្រធានសភាពាណិជ្ជកម្មកម្ពុជា ខ្ញុំរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការ រវាង សភាពាណិជ្ជកម្មកម្ពុជា និង សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងការជំរុញវិស័យឯកជនឲ្យបោះជំហានទៅ មុខកាន់តែរឹងមាំខ្លាំងក្លា បន្ថែមទៀត ព្រមទាំងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
ឆ្លៀតនៅក្នុងឱកាសដ៏ថ្លៃថ្លា និង ពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និង ព្រោះព្រំប្រសិទ្ធពរជ័យជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍»៕