(ភ្នំពេញ)៖ ស្ថានទូតគូវែតប្រចាំព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២២ ចំនួន៥៥០បញ្ចប់ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមនៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តតាកែវ តាមរយៈសមាគមប្រភពល្អកម្ពុជា សម័យតេជោសន្តិភាពដែលពោរពេញទៅដោយសុខដុមនីយកម្មសាសនាល្អបំផុត។
បើលោកតហ៉ើរ អូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ឱ្យមាននូវសុខដុមនីយកម្មសាសនាល្អបំផុត បើកឱកាសទូលាយដល់ជំនួយសប្បុរសជនពីបរទេសចូលមកកម្ពុជា ដែលជាក់ស្ដែងនេះ កញ្ចប់អាហារស្រាយបួសចំនួន ៥៥០កញ្ចប់របស់ស្ថានទូតគុយវែតប្រចាំកម្ពុជា ត្រូវបានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅខេត្តកំពត និងខេត្តតាកែវសម្រាប់ខែរ៉ម៉ាឌនឆ្នាំ២០២២នេះ ដែលជាសញ្ញាណនៃសុខសន្តិភាពល្អបំផុត ការរួបរួម ការស្រឡាញ់គ្នា និងការយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក ក្នុងប្រទេសដែលពោរពេញទៅដោយក្ដីសុខ។
លោកបានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភារធារីនៃស្ថានទូតគូវែត ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយផ្សេងៗតាមរយៈសមាគមប្រភពល្អកម្ពុជាជារៀងរាល់ឆ្នាំផងដែរ ដែលខាងគូវែត តែងតែយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរមូស្លីមក្រីក្រនៅទូទាំងប្រទេសកម្ពុជាដែលកន្លងមក ស្ថានទូតធ្លាប់បានជួយយ៉ាងច្រើនក្រាស់ក្រែលមកហើយ។ ហើយស្ថានទូតបានសន្យាថានៅហ្នឹងតែបន្តជួយដល់ សហគមន៍ខ្មែរមូស្លីមបន្តទៀត ក្នុងទិសដៅជួយឲ្យមានភាពរីកចម្រើន រួមគ្នាជាមួយរដ្ឋាភិបាលដើម្បីជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា។
គួរជម្រាបថា កញ្ចប់អាហាររ៉ម៉ាឌនពីស្ថានទូតគូវែតប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៥៥០ កញ្ចប់ដែលឧបត្ថម្ភដល់ពលរដ្ឋក្នុងមួយ កញ្ចប់រួមមាន៖ អង្ករ ២៥គីឡូក្រាម, ដោះគោ២កំប៉ុង, ប្រេងឆា១លីត្រ, ទឹកត្រី១ដប, អអំបិល១ គីឡូក្រាម, ល្មើ១ប្រអប់, ស្កសរ២គីឡូក្រាម ចែកជូនប្រជាពលរដ្ឋទៅតាមខេត្តដូចខាងក្រោម៖ ខេត្តកំពតចំនួន៣០០គ្រួសារ, ខេត្តតាកែវចំនួន២១០គ្រួសារ និងរាជធានីភ្នំពេញចំនួន៤០គ្រួសារ៕