(ភ្នំពេញ)៖ តាមការគ្រោងទុកសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ពីទំនាក់ទំនងសន្តិភាពនៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ដែលគ្រោងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ត្រពាំងស្រែ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំត្រួតពិនិត្យជាមួយថ្នាក់ដឹកនាំវៀតណាម។ កិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យជាក់ស្តែង រៀបចំជំនួបរដ្ឋមន្ដ្រីនៃក្រសួងការពារជាតិ នៃប្រទេសទាំង២ នាពេលខាងមុខ នៅច្រកព្រំដែនអន្តរជាតិ ត្រពាំងស្រែ ស្ថិតនៅស្រុកស្នួលខេត្តក្រចេះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលអមដំណើរនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ខាងមុខ នឹងមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម អំពីទំនាក់ទំនង និងការប្រាស្រ័យទាក់ទងមិត្តភាពនៅតាមបន្ទាត់ព្រំដែន»៕