(សៀមរាប)៖ អាជីវករលក់សំលៀកបំពាក់ នៅមុខប្រាសាទអង្គរវត្ត សប្បាយលក់ដូរអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ ក្រោយខកខានលក់ពីរឆ្នាំដោយសារជំងឺកូវីដ-១៩ រីករាលដាលក្នុងសហគមន៍ ក៏ដូចជាពិភពលោក។
និយាយទាំងទឹកមុខញញឹម អ្នកស្រី នួន ស្រីដែន ដែលប្រកបមុខរបរលក់ដូរសំលៀកបំពាក់អស់រយៈពេលជិត ២០មកហើយនោះ បានរៀបរាប់ប្រាប់ថា ចាប់តាំងពីផ្តើមលក់ដូរមក អ្នកស្រីមិនដែលមានការអាក់ខានលក់នោះទេ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅប្រាសាទអង្គរវត្ត មិនដែលដាច់ឡើយ ទើបតែមានជំងឺកូវីដ-១៩ បានធ្វើឱ្យការលក់ដូររបស់អាជីវករទាំងអស់ ត្រូវផ្អាក។
អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីខកខានលក់ដូររយៈពេលពីរឆ្នាំមកនេះ នៅពេលបានឮដំណឹងរាជរដ្ឋាភិបាល ប្រកាសឱ្យមានការជួបជុំ និងអនុញ្ញាតឱ្យរៀបចំពិធីចូលឆ្នាំឡើងវិញ និងមានការរៀបចំពិធីសៀមរាបសង្ក្រាន្ត ផងនោះ អាជីវករ រួមទាំងអ្នកស្រីផង មានការសប្បាយរីករាយជាខ្លាំង។ អ្នកស្រី ក៏ដូចជាអាជីវករដទៃរំពឹងថា ការលក់ដូរពួកគេមានសង្ឃឹមឡើងវិញ។ អ្នកស្រីរៀបរាប់ថា ភ្ញៀវទេសចរសម្រុកមកកម្សាន្តខេត្តសៀមរាប យ៉ាងច្រើនកុះករធ្វើឲ្យអាជីវករលក់ដូរមានការសប្បាយរីករាយជាខ្លាំង ដោយសារខានឃើញភ្ញៀវទេសចរមកច្រើនបែបនេះរយៈពេល២មកហើយ។ ក្នុងមួយថ្ងៃ អ្នកស្រីលក់បានប្រាក់ចំណេញពី ២០ ទៅ៣០ម៉ឺនរៀល។
ចំណែកអ្នកស្រី ម៉ុន ស្រី ក៏បានលើកឡើងមិនខុសពីអ្នកស្រី នួន ស្រីដែន ប៉ុន្មានដែរ។ ដោយសារតែជំងឺកូវីដ-១៩ ធ្វើឲ្យអាជីវករទាំងអស់ខកខានលក់ដូរ ហើយងាកទៅប្រកបមុខរបរផ្សេងៗ តាមចំណេះជំនាញដែលពួកគាត់ធ្លាប់ចេះពីមុនមក និងខ្លះទៀតទៅធ្វើការងារសំណង់ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសល់លុយខ្លះគ្រាន់បង់ធនាគារ។ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ ភ្ញៀវទេសចរសម្រុកមកកម្សាន្តនៅអង្គរវត្តច្រើន ធ្វើឲ្យអាជីវករលក់ដូរនៅខាងមុខប្រសាទអង្គរវត្ត រវល់លក់សឹងមិនមានពេលហូបបាយក៏មានដែរ។
ជាមួយនេះដែរ ក្រុមអាជីវករលក់ដូរទាំងអស់ក៏សង្ឃឹមថា ភ្ញៀវទេសចរជាត និងអន្តរជាតិ នឹងចាប់ផ្តើមមកកម្សាន្តក្នុងខេត្តសៀមរាប ឲ្យបានច្រើនដូចមុន ដើម្បីឲ្យប្រជាជនក្នុខេត្តមានការងារធ្វើគ្រប់ៗគ្នា ហើយជីវភាពគ្រួសារកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិកន្លងទៅនេះ មានទេសចរមកលេងខេត្តនេះសរុបជាង ៤០ម៉ឺននាក់៕