(ភ្នំពេញ)៖ អ្នកជំនាអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងពីវត្ដខ្មែរអ៊ីតាលីថាបើពោលអំពីពិធីចូលឆ្នាំថ្មី ឆ្នាំខាល ព្រះនាងកិរិណីទេវី ដែលខេមរជនខ្មែរទាំងក្នុងនិងក្រៅព្រះនគរ បានទទួលអំណរសាទរ៣ថ្ងៃមកនេះ យើងឃើញថាវត្ដខ្លះក៏ឆ្លង ហើយវត្ដខ្លះទៀតក៏កំពុងតែដំណើរឆ្លងតាមវត្ដ ភូមិ ស្រុកនីមួយៗ។ក្នុងនោះចំពោះពលរដ្ឋខ្មែរនៅប្រទសអ៊ីតាលី ក៏បានប្រារព្វពិធីឆ្លងនៅថ្ងៃអាទិត្យទី១៧ មេសានេះនៅវត្ដរស្មីខេមរារាមហៅ «វត្ដខ្មែរអ៉ីតាលី» ដោយមានការរៀបចំល្បែងរបាំ តាមលំអានប្រពៃណីជាតិយ៉ាងសប្បាយរីករាយ ដើម្បីឲ្យកូនខ្មែររស់ទីនេះបានស្គាល់នូវប្រពៃណីជាតិរបស់ខ្លួន ក៏ដូចជាបណ្ដាជាតិសាសន៍នានាបានស្គាល់អំពីគុណតម្លៃប្រពៃណីជាតិដ៏ថ្លៃថ្លារបស់ខ្មែរយើងតាំងពីបុរាណរៀងមកផងដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះបងប្អូនខ្មែរ-អ៊ីតាលី ដែលបានរៀបចំពិធីបុណ្យឆ្លងចូលឆ្នាំថ្មី នៅវត្ដរស្មីខេមរារាមខ្មែរអ៊ីតាលីនេះ គឺមានរៀបចំកម្មវិធីរបាំល្បែងប្រជាប្រិយ ជាច្រើនមានដូចជា ល្បែងចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង រាំវង់រាំក្បាច់ជាដើម តាមលំអានប្រពៃណីជាតិតាំងពីបុរាណរៀងមក គឺបានបង្ហាញអំពីគុណតម្លៃវិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំខ្មែរយើង ខុសពីពិធីបុណ្យចូលឆ្នាំប្រចាំជាតិនានា មិនថាជាតិសាសន៍ក្បែរខាងខ្មែរយើង ដែលមានប្រពៃណីបុណ្យចូលឆ្នាំប្រហាក់ប្រហែលខ្មែរយើង ឬបុណ្យចូលឆ្នាំសកល របស់ពួកអឺរ៉ុប ឬក៏បណ្ដាជាតិសាសន៍ផ្សេងៗទៀតលើភពផែនដី។

ព្រោះបើពោលអំពីពិធីបុណ្យចូលឆ្នាំថ្មី ប្រទេសក្បែរខ្មែរយើង គេលេងតែបាញ់ទឹក ប៉ាតម្សៅ និងរាំរ៉ែកតែប៉ុណ្ណោះ រីឯពិធីបុណ្យចូលឆ្នាំសកល របស់ពួកអឺរ៉ុប ឬពួកស្បែកសក៏យ៉ាងដូច្នោះដែរ គេបាញ់តែកាំជ្រួចរាំរ៉ែក និងញាំអាហារជាប្រពៃណីតែប៉ុណ្ណោះ។

តែចំពោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរគឺផ្សាភ្ជាប់សាសនា និងរបាំល្បែងប្រជាប្រិយយ៉ាងច្រើន ដែលជាពិធីបុណ្យដំាដុះនូវអត្ដសញ្ញាណសិល្ប: វប្បធម៌ ប្រពៃណីជាតិ ដែលគ្មានជាតិសាសន៍ណាមួយ មានប្រពៃណីបុណ្យចូលឆ្នាំដូចខ្មែរយើងទ្បើយ។ ត្រង់នេះហើយ ជាគុណតម្លៃវិសេស វិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនោះ។ នេះជាការបញ្ជាក់របស់លោក រត្ន័ សណ្ដាប់។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលបន្ថែមអំពីគុណតម្លៃនេះទៀតសោត ពិធីបុណ្យចូលឆ្នាំថ្មីនេះក៏ជាឱកាសអប់រំបណ្ដុះដល់កុលបុត្រកុលធីតានូវគុណធម៌និងជាចំណងសាមគ្គីជាតិយ៉ាងរឹងមាំផងដែរ ដូចជា៖
១៖ បណ្ដុះកូនចៅ ត្រូវមានគុណធម៌កត្តញ្ញូតាធម៌ដល់ឪពុកម្តាយជីដូនជីតា និងសេចក្ដីស្រទ្បាញ់ដល់ក្រុមគ្រួសារដើម្បីជាឧត្ដមភាពវង្សត្រកូលខ្លួនតរៀងទៅ ដែលជាកោសិការនៃសង្គមនិងអ្នកដែលបានចែកឋានទៅផងដែរ គឺជាការផ្សារភ្ជាប់រវាងអតីត បច្ចុប្បន្ន និងអនាគត កុំឲ្យភ្លេចជាតិ។
២៖ បណ្តុះផ្នត់គំនិត ឲ្យចេះធ្វើបុណ្យដាក់ទានដល់បុគ្គលដទៃជាការជួយយកអសាគ្នាទៅវិញទៅមក។
៣៖ វត្ដ ជាចំណុចកណ្ដាលនៃភូមិ បង្កើននូវចំណងទាក់ទងសង្គម និងសាមគ្គីភាពនូវការជួបជុំលេង របាំល្បែងប្រជាប្រិយ ក្នុងភូមិ ឃុំនីមួយៗ តាមគន្លងប្រពៃណីជាតិ។
៤៖​ ការគោរពរំលឹកដឹងគុណនិងអំណរសាទរ ចំពោះភាពល្អប្រសើអ្នកដឹកនាំប្រទេស និងបុព្វការីជនខ្លួនគ្រប់ជំនាន់ ក្នុងកិច្ចកសាងនិងការពារជាតិមាតុភូមិដោយទេវតាឆ្នាំចាស់តែងធ្វើរបាយការណ៍ ជូនទេវតាឆ្នាំថ្មីដើម្បីទុកជាការជូនជ្រាប។

លោក រត្ន័ សណ្ដាប់ បានកត់សម្គាល់ថាបើពោលអំពីសាវតារវត្ដខេមរារាមខ្មែរអ៊ីតាលីនេះទៀតសោត គឺជាវត្ដមានតែមួយគត់នៅប្រទេសអ៊ីតាលី ជាវត្ដទើបកកើតថ្មី ដោយផ្ដើមពីទឹកចិត្ដសុទ្ធាជ្រះថ្លាបងប្អូនខ្មែរអ៊ីតាលី បើប្រៀបនឹងវត្ដខ្មែរនៅតាមបណ្ដាប្រទេសនានានៅអឺរ៉ុប ដូចជាបារាំង ស្វីស អង់គ្លេស និងអាលឺ្លម៉ង់ជាដើម។ ម្យ៉ាងទៀតបងប្អូនខ្មែររស់នៅអ៊ីតាលី គឺមានចំនួនតិច បើធៀបនឹងបងប្អូនខ្មែររស់នៅតំបន់អឺរ៉ុបផងដែរ។

តែអ្វីសំខាន់នោះ វត្ដខ្មែរអ៊ីតាលីនេះ មិនត្រឹមតែសម្រាប់តែបងប្អូនខ្មែរយើងធ្វើបុណ្យនោះទេ គឺមានជាតិសាសន៍ថែ លាវ និងវៀតណាមជាដើម ក៏បានមកធ្វើបុណ្យចូលឆ្នាំថ្មីផងដែរ។ បានសេចក្ដីថាវត្ដខ្មែរអ៊ីតាលី មិនថាពិធីបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យសព ឬពិធីបុណ្យផ្សេងៗទេ គឺជនជាតិថៃ លាវ ឬវៀតណាម តែងតែមករៀបចំពិធីបុណ្យទាននៅវត្ដខ្មែរអ៊ីតាលីនេះយ៉ាងស្រស់ថ្លា។

ហេតុនេះដោយវត្ដខ្មែរនៅប្រទេសអ៊ីតាលីមានតែមួយនេះ យើងឃើញពិធីបុណ្យឆ្លងចូលឆ្នាំថ្មី ប្រពៃណីជាតិ ថ្ងៃអាទិត្យនេះ មានបងប្អូនខ្មែររស់នៅខេត្ដផ្សេងៗពីគ្នា មានចម្ងាយរាប់រយគីទ្បូម៉ែត្រ បានស្កាត់មកធ្វើបុណ្យជួបជុំនៅទីអារាមនេះ ប្រកបដោយសេចក្ដីសប្បាយរីករាយ ដោយអ្នកខ្លះបានមកសម្រាកនៅសណ្នាគារ១យប់ ឬ២យប់ ឬអ្នកខ្លះទៀតបានមកសម្រាកផ្ទះបងប្អូន និងមិត្ដភក្ដិប្រកបដោយភាពកក់ក្តៅរាក់ទាក់និងរីករាយ។ ត្រង់នេះសឲ្យឃើញថាខ្មែរទោះបីរស់នៅទីឆ្ងាយពីមាតុភូមិយ៉ាងណាក្ដី តែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីជាតិដ៏ថ្លើងថ្កានរបស់ខ្មែរយើងជានិច្ច។

ដូច្នេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបង្ហាញអំពីគុណតម្លៃវិសេសវិសាល ខុសពីបុណ្យចូលឆ្នាំសកលរបស់ពួកអឺរ៉ុប ឬពិធីបុណ្យចូលឆ្នាំជាតិសាសន៍ផ្សេងៗទៀតលើពិភពលោក ព្រោះផ្សារភ្ជាប់របាំល្បែងប្រជាប្រិយ ជាអត្ដសញ្ញាណវប្បធម៌ជាតិខ្មែរ តំាងពីបុរាណរៀងមក៕