(រតនគិរី)៖ រយៈពេល៣ថ្ងៃគឺថ្ងៃ១៤-១៦ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើក បណ្តាលឲ្យស្លាប់មនុស្ស៣នាក់, រងរបួសធ្ងន់ស្រាល៦នាក់ និងខូចខាតសម្ភារ មួយចំនួន។ នេះជាការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ទោ ម៉ៅ ភារម្យ នាយរងការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តរតនគិរីប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ បន្តថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣លើករួមមាន ម៉ូតូបុកម៉ូតូចំនួន២លើក, រថយន្តបុកម៉ូតូ១លើកបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ របួសធ្ងន់៥នាក់(ស្រី១នាក់) និងរបួសស្រាល១នាក់ ព្រមទាំងខូចខាតសម្ភារៈម៉ូតូ៥គ្រឿង និងខូចខាតរថយន្ត១គ្រឿង។
លោកវរសេនីយ៍ទោ ម៉ៅ ភារម្យ បញ្ជាក់ឲ្យដឹងទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០២១ឃើញថា គ្រោះថ្នាក់ចរាចរណ៍កើនឡើង១លើក, មនុស្សស្លាប់កើនឡើង២នាក់, របួសធ្ងន់កើនឡើង៤នាក់ និងរបួសស្រាលថយចុះ១ករណី។
ជាការកត់សម្គាល់គណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការដឹកនាំរបស់លោក ញ៉ែម សំអឿន បានរៀបចំកម្លាំងដាក់ប្រចាំការ២៤លើ២៤ម៉ោងតាមរមណីយដ្ឋាន, គោលដៅទេសចរណ៍នានា និងកន្លែងព្រឹត្តិការណ៍សង្ក្រាន្តរតនគិរី នៅបរិវេណមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋលេងកម្សាន្តប្រកបដោយបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ៕