(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានចុះជួយរុះរើរៀបចំជួសជុលឡើងវិញ នូវផ្ទះដែលត្រូវបានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បំផ្លាញចំនួន៨២ខ្នង។

នៅវេលាម៉ោង ០២៖៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០២ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មេឃបានធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់ កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋសរុប ឃុំចំនួន០៤ រងការខូចខាតធ្ងន់ ស្រាលចំនួន ៨២ខ្នង។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតធ្ងន់ ស្រាល រួមមាន៖

១៖ ឃុំ តាផូ របើកដំបូលផ្ទះ០៣ខ្នងខូចខាតស័ង្កសី ៦៩សន្លឹក
២៖ ឃុំ សារង្គ របើកដំបូលផ្ទះ០៣ខ្នងស័ង្កសីចំនួន ៧៥សន្លឹក
៣៖ ឃុំទ្រាស របើករបើកដំបូលចំនួន៧៤ខ្នងខូចខាតស័ង្កសីអស់ ៨០៧សន្លឹក
៤៖ ឃុំរលួសរបើកដំបូលផ្ទះចំនួន០២ខ្នងខូចខាតស័ង្កសីអស់ ២៧សន្លឹក។ សរុបទាំង០៤ឃុំ ខូចខាតផ្ទះប្រជាពលចំនួន៨២ខ្នង អស់ស័ង្កសីចំនួន៩៧៨ សន្លឹក ក្នុងនោះធ្ងន់ចំនួន០២ខ្នង និងគ្មានអ្នករងគ្រោះថ្នាក់នោះឡើយ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលចំនួន ៣១នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះរុះរើរៀបចំជួសជុលផ្ទះឡើងវិញផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមសាឆ្នាំ២០២២នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងការខូចខាតផ្ទះសំបែងដោយខ្យល់កន្ត្រាក់នេះផងដែរ៕