(កណ្តាល)៖ លោក ឈួន កែវ ជំនួយការលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក ជី ស៊ីវុត្ថា នាយករងរដ្ឋបាលសាលាខេត្ត, លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក, លោក ប៊ុន ផេង អភិបាលនៃគណអភិបាលស្រុក ព្រមទាំងសហការី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បាននាំយកអង្ករ ៥០គីឡូ និងថវិកា៣លាន៥០ម៉ឺនរៀល (ថវិកាស្រុក៥០ម៉ឺនរៀល) ចូលរួមរំលែកមរណទុក្ខដល់គ្រួសារសព លោក សាំង ប៊ុនសុង ជាមន្រ្តីរដ្ឋបាលព្រៃឈើ ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសដ៏ក្រៀមក្រំយ៉ាងក្រៃលែងនេះ លោក ឈួន កែវ ព្រមទាំងរដ្ឋបាលខេត្ត និងស្រុកខ្សាច់កណ្តាល បានពាំនាំនូវការចូលរួមរំលែកទុក្ខ ពីសំណាក់លោកអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារ និងសូមសម្តែងនូវការសោកស្តាយអាឡោះអាល័យក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់លោក សាំង ប៊ុនសុង។
លោក ឈួន កែវ បានចាត់ទុក ការបាត់បង់លោក សាំង ប៊ុនសុង គឺជាការបាត់បង់នូវកូនល្អ ឧត្តមស្វាមីល្អ និងញាតិមិត្តម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលពេញក្នុងមួយជីវិតតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ល្អប្រពៃ ប្រឹងប្រែងថ្នាក់ថ្នមថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗ ដល់កូន និងក្រុមគ្រួសារឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ និងជាមន្រី្តដ៏សកម្មមួយរូប ប្រកបដោយឧត្តមគតិ និងស្មារតី ពង្រឹងសាមគ្គីភាពជាតិ រួមចំណែកថែរក្សាបរិស្ថាន ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។
ស្ថិតក្នុងមរណទុក្ខនេះ លោកក៏បានសូមឧទ្ទិសបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធសព លោក សាំងប៊ុនសុខ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក សាំង ប៊ុនសុង ជាមន្រ្តីនៃរដ្ឋបាលព្រៃឈើម្នាក់ ដែលជាកូនល្អ បុគ្គលិកល្អ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ មិនថាបុណ្យ រឺថ្ងៃ ឈប់សម្រាកទេ លោកបានបំពេញភារកិច្ចបានយ៉ាងល្អជាទីបំផុត។ លោកបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១១៖៣០នាទី នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕