(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះទៅ សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងជីកអណ្តូងដែលសម្តេចតេជោ ហ៊ុន សែន ផ្តល់ឲ្យខេត្តពោធិ៍សាត់ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង និងស្រុកបាកាន ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់ការដ្ឋាន ស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង៧.០០៣ម៉ែត្រ ដែលតភ្ជាប់ពីភូមិទាំង៥ក្នុងឃុំរាំងទិល មកទីរួមស្រុកកណ្តៀង ក៏ដូចជា ទីរួមខេត្តផងដែរ។
កន្លងមកប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាំងទិល មានការលំបាក ពាក់ព័ន្ធនឹងជីវភាពរស់នៅ ប្រចាំថ្ងៃដោយសារគ្មាផ្លូវតភ្ជាប់មួយខ្សែនេះ ជាក់ស្តែង កាលពីមុនមានករណីស្រ្តីមានផ្ទៃពោះ ឆ្លងទន្លេ ត្រូវសម្រាលកូនតាមផ្លូវ និងខ្លះទៀត អ្នកជម្ងឺត្រូវបានទទួលមរណភាព តាមផ្លូវនៅពេលដឹកយក មកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ លើសពីនេះ នៅពេលដែលត្រូវដឹកសពតាមម៉ូតូយកទៅធ្វើ បុណ្យ នៅឃុំកំណើតវិញ ដោយស្ថានភាពផ្លូវពិបាកពេក ដួលម៉ូតូ ក៏ចោលសពនៅតាមផ្លូវទៀតផង។ ដោយយល់ នូវទុក្ខលំបាកទាំងនេះ ទើបសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពជាគោលការណ៍ ក្នុងការសាងសង់ផ្លូវ នេះឡើង ដើម្បីដោះស្រាយនូវរាល់ការលំបាក និងលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រជូន ប្រជាពលរដ្ឋក្នុងឃុំរាំងទិលទាំងមូល។
លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុរួមទាំងរន្ទះ អគ្គីភ័យ និងការបាក់លំនៅដ្ឋាន ដោយសារខ្យល់កន្ត្រាក់ និ ខ្យល់ព្យុះ ហើយសូមទទួលទានទឹកមានអនាម័យ ដើម្បីចៀសវាងជំងឺដង្កាត់ផ្សេងៗ។ ជាទម្លាប់លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមទាំង១៤ទីតាំង ជាសារុងម្នាក់១ផងដែរ។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យមើលការដ្ឋានស្ថាបនា ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែងជាង៧គីឡូម៉ែត្រ តភ្ជាប់ពីឃុំស្រែស្តុក ទៅឃុំរាំងទិល ស្រុកកណ្តៀង ដែលចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ស្ថាបនាបានជិត៨០% និង បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមហ៊ុនទទួលម៉ៅការស្ថាបនា ធ្វើយ៉ាងណាអនុវត្តឲ្យបានល្អ ពោលគឺទាមទាយកគុណភាព និង ប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា បើទោះបីទីតាំងផ្លូវលំនេះ ស្ថិតនៅក្នុងតំបន់៣ អភិរក្សមច្ឆាជាតិ និង ការពារព្រៃលិចទឹក របស់រាជរដ្ឋាភិបាលក៏ពិតមែន ផ្អែកលើការលំបាករបស់ប្រជាពលរដ្ឋកន្លងមក គឺបញ្ហាធ្វើដំណើរ ដឹកជញ្ជូនកសិផល ពិសេសពេលបញ្ជូនអ្នកជំងឺ និងស្ត្រីឆ្លងទន្លេដោយសារគ្មានផ្លូវចេញចូល បើនៅរដូវប្រាំងធ្វើដំណើរតាមរទេះ កាត់តំបន់ព្រៃរនាម និងរដូវវស្សាតាមកាណូត ទូក ប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាងផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានចារឯកភាពសាងសង់ផ្លូវនេះឡើង កាលពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៤ និងបានដាក់ឲ្យដេញថ្លៃនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ មាន៩ក្រុមហ៊ុន ក្នុងនោះអ្នកទទួលបាន គឺក្រុមហ៊ុន គឹម ពៅ មានតម្លៃ២៥១លានរៀល ជាថវិកាមូលនីធិឃុំ សម្រាប់ស្ថាបនាផ្លូវ ប្រវែង ៧.៣០៣ម៉ែត្រ និង ដាក់លូ ២កន្លែង អមដោយផ្លូវទូកសងខាង៕