(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា ព្រឹទ្ធសភា នឹងជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
០១រូប ជំនួសលោក អ៊ុំ សារិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបានទទួលមរណភាព។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ។
បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា ឥស្សរជនជាអតីតចៅក្រម ឬអតីតព្រះវាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធន៍ការងារយ៉ាងតិច ១៥ឆ្នាំឡើងទៅ ក្នុងវិស័យច្បាប់ ឬតុលាការ ដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
*ត្រូវមានពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ០១ច្បាប់
*ជីវប្រវត្តិសង្ខេប ០១ច្បាប់
*មានលិខិតបញ្ជាក់ថា មានសញ្ជាតិខ្មែរពីកំណើត ០១ច្បាប់
*មានលិខិតបញ្ជាក់ថាមានបទពិសោធន៍ការងារក្នុងវិស័យច្បាប់ ឬតុលាការយ៉ាងតិច ១៥ឆ្នាំ ០១ច្បាប់
*មានលិខិតបញ្ជាក់អំពីសីលធម៌ល្អ និងមានកេរ្តិ៍ឈ្មោះស្អាតស្អំពីស្ថាប័នសាមី ០១ច្បាប់
*មានសញ្ញាប័ត្រ ឬលិខិតបញ្ជាក់ថា ពិតជាបានប្រឡងជាប់ឧត្តមសិក្សា ០១ច្បាប់
*មានលិខិតថ្កោលទោស ០១ច្បាប់
*មានរូបថត ៤x៦ (ថតចំពីមុខ ហើយគ្មានពាក់វ៉ែនតា) ០៣សន្លឹក។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នឹងធ្វើការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន នៅរៀងរាល់ម៉ោងធ្វើការ នៅអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ រយៈពេលនៃការទទួលពាក្យសុំ ត្រូវផុតនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១៧:៣០នាទីល្ងាច។
សម្រាប់ព័ត៌មានផ្សេងៗសូមទំនាក់ទំនងជាមួយអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី ឬតាមទូរសព្ទ័លេខ៖ ០១២ ២៥ ៧៧ ៨៨ ឬ ០១២ ៥០ ២៣ ៨៣៕