(កំពង់ធំ)៖ ទាំងនៅក្នុងពេលកម្សាន្តសប្បាយ នៃពិធីបុណ្យចូលឆ្នាំថ្មី និងក្រោយពិធីបុណ្យចូលឆ្នាំថ្មីកន្លងផុតទៅ ឣភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង បង្ការមេរោគកូវីដ១៩ដូសបន្ទាប់ សូមរួសរាន់ទៅចាក់តាមវេនឱ្យបានគ្រប់គ្នា ចំណែកប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរក៏សូមចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារសុវត្ថិភាព អាយុជីវិតទាំងអស់គ្នា។

ការអំពាវនាវបែបនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក សាយ គឹមឡម ព្រមទាំងលោក-លោស្រីឣភិបាលរងស្រុក និងសហការីបានប្រារព្ធពិធីស្រង់ព្រះនៅជើងវត្តពោធិ៍ដំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយព្រះចៅឣធិការ ព្រះសង្ឃ គណៈកម្មការ ញាតិញោមពុទ្ធបរិស័ទចំណុះវត្ត ព្រមទាំងប្រជាជនជាច្រើននាក់ទៀត នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។

នាឱកាសនោះ លោកឣភិបាលស្រុកបានចូលរួមលេងល្បែងប្រជាប្រិយផ្សេងៗ និងល្បែងកម្សាន្តជាច្រើនទៀតជាមួយលោក-លោកស្រីជាមន្ត្រីរាជការក្នុងសាលាស្រុកស្ទោង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដោយសេចក្តីថ្លៃថ្នូរតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។

ជាមួយនេះដែរ លោកអភិបាលស្រុក បានលើកឡើងថា អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមិនបានចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយសារការរាតត្បាតពីមេរោគកូវីដ១៩។ ប៉ុន្តែសង្ក្រាន្តឆ្នាំនេះពិតជាវិសេសវិសាលណាស់ ព្រោះប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស ក៏ដូចជានៅស្រុកស្ទោងបានកម្សាន្តសប្បាយឡើងវិញ។

លោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកស្ទោងទាំងមូល ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមទៅចាក់វ៉ាកសាំងបង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលឣាជ្ញាធរបានជម្រានជូន ហើយត្រូវយកកាតចាក់វ៉ាក់សាំងទៅជាមួយផង ដើម្បីបង្កើនភាពស៉ាំក្នុងសហគមន៍ពីមេរោគនិងជំងឺនេះ។

លោកអភិបាលស្រុកក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរគ្រប់គ្នាសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារអាយុជីវិតរបស់ខ្លួន ក្រុមគ្រួសារ និងអ្នកដទៃ ព្រមទាំងជួយទប់ស្កាត់នូវបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន៕