(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្នុងការផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីឱ្យអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្មផងដែរ។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឱ្យសមាជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឱ្យបានទូលំទូលាយ ក្នុងការយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីកចម្រើន និងជៀសវាងមានហានិភ័យក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ។
មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែមទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់, ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា។
សិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្ត១៧ ដោយទទួលបានការឩបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក., ធនាគារ ព្រីនស៍ ម.ក,ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, កំពង់ផែស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។
យោងតាមសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បន្ទាប់ពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយាល័យសភាពាណិជ្ជកម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគផ្ទាល់ដល់ខេត្ត។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ ០១២ ៦៧ ៤៧ ៦៨ និង ០១០ ៣៣ ២៧ ៥៣៕