(បន្ទាយមានជ័យ)៖ ផ្ទះប្រជាពលរដ្ឋប្រមាណ ៨២ខ្នង ស្ថិតនៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់បក់បោកខ្លាំង បណ្តាលឱ្យរងការខូចខាត។ ក្នុងនោះផ្ទះខ្លះខូចខាតច្រើន ហើយផ្ទះខ្លះទៀតរងការខូចខាតតិចតួច កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល លោកស្នងការរង លោកអភិបាលស្រុកស្វាយចេក បានដឹកនាំកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ចំនួន ៦៧នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ជួយរុះរើ និងជួសជុលផ្ទះដែលខូចខាតឡើងវិញ។
ដើម្បីជាការរួមចំណែកសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា បានជួយឧបត្ថម្ភជាស័ក្កសី ដើម្បីប្រក់ផ្ទះដែលរងការខូចខាតនេះផងដែរ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឱ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា បានផ្តល់ស័ង្កសីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រៀមជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ នៅពេលរងការខូចខាត់ដោយសារខ្យល់បក់បោក។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ស័ង្កសីជាអំណោយរបស់លោកបណ្ឌិត ហ៊ុន មា៉ណែត និងភរិយា បានជួយប្រក់ផ្ទះប្រជាពលរដ្ឋរាប់រយ រាប់ពាន់ខ្នងមកហើយ។ អំណោយស័ង្កសីនេះ បានរួមជាចំណែកដ៏សំខាន់សម្រួលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។
លោកអភិបាលខេត្ត លោកអភិបាលស្រុក ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ដែលតែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋទូទៅពេលជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ។
លោកអភិបាលខេត្ត លោកអភិបាលស្រុក និងប្រជាពលរដ្ឋរងគ្រោះ បានគោរពជូនពរលោកបណ្ឌិត និងភរិយា មានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍។ ពួកគេ ក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕