កាកបាទក្រហមខេត្តសៀមរាប ចុះពិនិត្យការសាងសង់ទីស្នាក់ការអនុសាខា អណ្តូងទឹក បង្គន់អនាម័យ នៅស្រុកជីក្រែង
10-05-2016 14:25
(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំប្រតិភូ អញ្ជើញចុះត្រួតពិនិត្យ ការសាងសង់ទីស្នាក់ការ អនុសាខាកាកបាទក្រហម ស្រុកជីក្រែង និងអណ្តូងទឹកចំនួន១០អណ្តូង បង្គន់អនាម័យ១០បង្គន់ ដែលសាខាកាកបាទក្រហម ខេត្តសៀមរាប បានផ្តល់ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងស្រុកជីក្រែង។
លោកស្រី គួយ ណាលីន បានណែនាំដល់ប្រជាពលរដ្ឋ ដែលទទួលផលពីអណ្តូងទឹកទាំងនោះ ត្រូវចូលរួមធ្វើការថែទាំ និងបន្តធ្វើការស្តារអណ្តូង ដែលបានរីញទឹកអស់ ដើមី្បឲ្យអណ្តូងទាំងនោះ មានទឹកបានប្រើប្រាស់ឡើងវិញផងដែរ។
ជាមួយគ្នានោះដែរ លោកស្រី គួយ ណាលីន បានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវមានអនាម័យល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ៕