(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា (កអក) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានអំពាវនាវដល់សមាជិក សមាជិកា រួមទាំងអ្នកសារព័ត៌មានទាំងអស់ ចូលរួមស្វែងរកជំនួយជួយដល់ លោក ថត ភារៈ អ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ប្រចាំខេត្តស្វាយរៀង ដែលបានរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។
ក្នុងការជួបនូវគ្រោះមហន្តរាយនេះ ផ្ទះមួយខ្នងរបស់ លោក ថត ភារៈ ត្រូវបានខ្យល់កន្ត្រាក់ គួចបំបាក់បណ្តាលឲ្យខ្ទេចខ្ទីទាំងស្រុងតែម្តង ហើយបច្ចុប្បន្ននេះ លោក និងក្រុមគ្រួសារ កំពុងប្រឈមការលំបាកទាំងជីវភាព និង ខ្វះជម្រកស្នាក់នៅទៀតផង។ នេះបើតាមសេចក្តីប្រកាស របស់ក្លឹបអ្នកកាសែតកម្ពុជា។
តាមសេចក្ដីប្រកាសខាងលើ ក្លឹបអ្នកកាសែតសូមចូលរួមសោកស្តាយ និង រំលែកការលំបាករបស់ក្រុមគ្រួសារ លោក ថត ភារៈ ហើយក៏បានអំពាវនាវដល់សមាជិក សមាជិកា និង អ្នកសារព័ត៌មានទាំងអស់ មេត្តាចូលរួមចែករំលែកជាសម្ភារៈ និង ថវិកា តាមលទ្ធភាពរៀងៗខ្លួន ដើម្បីជួយដល់លោក ថត ភារៈ និង ក្រុមគ្រួសារ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈដូចគ្នា។
ក្នុងលិខិតបានបញ្ជាក់ថា ប្រសិនបើអស់លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មានសមានចិត្តចូលរួមអាចទំនាក់ទំនងមកមន្ត្រីក្លឹបអ្នកកាសែតកម្ពុជា តាមរយៈទូរស័ព្ទលេខ ០១២ ៨៩៥ ៨៥៣ ឬ សូមទំនាក់ទំនងផ្ទាល់ទៅលោក ថត ភារៈ តាមរយៈទូរស័ព្ទលេខ ០៨៨ ៤០៥ ៥៥០០។
សូមរំលឹកថា ខ្យល់កន្រ្តាក់លាយភ្លៀង នៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ បានធ្វើខូតខាតមិនត្រឹមតែផ្ទះរបស់លោក ថត ភារៈ ប៉ុណ្ណោះទេដែលត្រូវរងគ្រោះ នៅមានផ្ទះប្រជាពលរដ្ឋ ចំនួន១៥៣ខ្នងទៀត និង របួសមនុស្សម្នាក់ ព្រមទាំងរន្ទះបាញ់គោងាប់មួយក្បាល និងក្របី២ក្បាលទៀតផងដែរ៕