(កំពត)៖ រយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ២៤៨,២៨២នាក់ បានមកលេងកម្សាន្តនៅខេត្តកំពត។

តាមរបាយការណ៍ របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ សម្រាប់ខេត្តកំពត បានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ២៤៨,២៨២នាក់ ក្នុងនោះ ភ្ញៀវទេសចរតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានា ចំនួន ១២៧,១៣៥នាក់។ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១២៥,៨៤០នាក់។ ភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ១,២៩៥នាក់។ ភ្ញៀវចូលរួមសង្ក្រាន្តក្នុងក្រុង ចំនួន ១២១,១៤៧នាក់។

ចំពោះ សភាពការណ៍ទូទៅ តាមរមណីយដ្ឋាន ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេនោះ។ ដោយឡែកក្រុមការងាររបស់មន្ទីរទេសចរ ចំនួន៤ក្រុម បានចុះតាមសេវាកម្ម និងរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍ដើម្បីជំរុញការអនុវត្ត៍សារាចរណែនាំ របស់ក្រសួងទេសចរណ៍។

ចំពោះសេវាស្នាក់នៅ ត្រូវបានភ្ញៀវកក់ស្ទើរ ១០០% រយៈពេល ៣ថ្ងៃនេះ ហើយពុំមានបាតុភាពនៃការតម្លៃថ្លៃ ម្ហូបអាហារ សេវាកម្មពុំសមស្របនោះទេ៕