(កោះកុង)៖ លោក ឡុញ សុផល មេឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង និងភរិយា បាននាំកូនស្រីរបស់ខ្លួន ឈ្មោះ មួន សុខលី ទៅរករឿងកូនប្រសារប្រុសឈ្មោះ ញ៉ែម ង៉ែតសុផុន ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោយខឹងសម្បាព្រោះកូនប្រសារប្ដឹងទៅតុលាការ ដើម្បីបង្កកទ្រព្យសម្បត្តិរួម ដោយពួកគេត្រូវលែងលះគ្នា។
ក្នុងហេតុការណ៍នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រៅពីការជេរប្រមាថហើយនោះ ម្ដាយក្មេក និងប្រពន្ធ បានព្រួតគ្នាប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យមានរបួសស្នាមទៅលើកូនន្រសារប្រុសថែមទៀតផង។ ដោយសារគិតថា ខ្លួនជាប្រុស មិនបានវាយតបតទៅកាន់ប្រពន្ធ និងម្ដាយក្មេកវិញនោះទេ គ្រាន់តែគេចដើម្បីការពារខ្លួនប៉ុណ្ណោះ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ញ៉ែម ង៉ែតសុផុន បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះថ្ងៃទី១៧ មេសា ឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុ ឈ្មោះ មួន សុខលី ភេទស្រី អាយុ ៣០ឆ្នាំ (ប្រពន្ធ) និងម្ដាយក្មេកឈ្មោះ ពុច ស៊ីណា និងឪពុកឈ្មោះ ឡុញ សុផល រស់នៅភូមតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ បានមកបង្ករបួសស្នាម និងរំលោភបំពានលំនៅដ្ឋាន ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយជនបង្ក បានប្រមូលសំភារ: និងទ្រព្យសម្បត្តិមួយចំនួន ចេញពីលំនៅដ្ឋាននេះ ខណ:តុលាការបានចេញសេចក្ដីសម្រេចរក្សាការពារដីផ្ទះនេះទុកដើម្បីកាត់ក្ដី។
ពាក្យបណ្ដឹងជនរងគ្រោះ បានបញ្ជាក់ទៀតថា អ្នកទាំងបីនាក់នេះ បានចូលមកក្នុងផ្ទះដោយមិនមានការអនុញ្ញាត ព្រមទាំងបង្កការអុកឡុក រករឿង វាយតបមកលើរូបរាយ ដោយគ្មានមូលហេតុ ធ្វើឲ្យកើតមានរបួសស្នាមនៅក្នុងផ្ទះរបស់ខ្លួន។
ភ្លាមៗនោះ ជនរងគ្រោះបានទាញទូរស័ព្ទ ថតវីដេអូ ទុកជាឯកសារ តែជនបង្កជាម្ដាយក្មេក និងកូនស្រី បានរារាំងចាប់ទាញមិនឲ្យថត និងបានបោកទូរស័ព្ទជនរងគ្រោះផងដែរ។
បើតាមការបញ្ជាក់ពីជនរងគ្រោះ ឈ្មោះ ញ៉ែម ង៉ែតសុផុន បានឲ្យដឹងថា ផ្ទះរបស់ខ្លួនមានបំពាក់កាំមេរ៉ាសុវត្ថិភាពដែរ តែមុនកើតហេតុ ខ្លួនបានគេងក្នុងបន្ទប់ មិនបានដឹងថា មានអ្នក បិទកុងតាក់ភ្លើងកាមេរ៉ាសុវត្ថិភាព តាំងពីណានោះទេ។ ទោះជាយ៉ាងណា ជនរងគ្រោះ ក៏បានថតវីដេអូបានមួយចំនួនបញ្ជាក់អំពីការជេរប្រមាថ និងប្រព្រឹត្តិអំពើហិង្សាខាងលើនេះ ទុកជាភស្តុតាងជូនសមត្ថកិច្ច។
ដោយសំអាងលើអង្គហេតុទាំងអស់នេះ ជនរងគ្រោះ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ កោះហៅអ្នកទាំង៣នាក់ខាងលើនេះ មកធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។
សូមជម្រាបថា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ងួន ធីរៈ ចៅក្រមសាលាដំបូងខេត្តកោះកុង បានចេញដីការសម្រេច ចាត់ចែងជាបណ្ដោះអាសន្ន ហាមឃាត់មិនឲ្យ ឈ្មោះ មួន សុខលី មិនត្រូវលក់ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណោយមត៌ក ប្រទានកម្ម អច្ច័យទាន ឬដាក់ហ៊ីប៉ូតែក អនុប្បទាន សន្តិតិកម្ម ធ្វើអាជីវកម្ម សាងសង់ សំណង់គ្រប់ប្រភេទ និងធ្វើការផ្សេងៗនៅ លើអចនវត្ថុចំនួន ២កន្លែង ដូចខាងក្រោម៖
*ទី១៖ អចនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ មានទំហំ ២០៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្ទះជនរងគ្រោះកំពុងស្នាក់នៅ)។
*ទី២៖ អចនវត្ថុដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី មានទំហំ ៥២៥ម៉ែត្រការ៉េ ដែលមានទទឹង១៥ម៉ែត្រ និងបណ្តោយ៣៥ ម៉ែត្រ មានទីតាំងស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕