(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិការសន្តិភាពកម្ពុជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងថា បើទោះបីជាខេត្ត ស្រុក និងតាមវត្តអារ៉ាមនានាទូទាំងប្រទេសបានប្រារព្ធពិធីសង្ក្រាន្ត ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិយើងនាឆ្នាំនេះដោយបានដាក់ឈ្មោះ សង្ក្រានផ្សេងៗគ្នាទៅតាមឈ្មោះខេត្ត ឈ្មោះស្រុក និងឈ្មោះវត្តនីមួយៗក៏ដោយ ក៏ជារួមនោះពិធីសង្ក្រាន្តក្នុងឆ្នាំនេះ គឺយើងអាចកំណត់បានឈ្មោះរួមមួយថា «សង្ក្រាន្តសន្តិភាព» !។ បើគ្មានសន្តិភាពទេ យើងមិនអាចប្រារព្ធពិធីសង្ក្រាន្តបាននៅគ្រប់ខេត្ត រាជធានី គ្រប់ស្រុក ខ័ណ្ឌ និងគ្រប់ទីវត្តអារ៉ាមនៅទូទាំងប្រទេសបានទេ។
លោកបានរំឮកថា ២៣ឆ្នាំពេញ ក្រោយថ្ងៃទី២៩ ធ្នូ ១៩៩៨ ដែលប្រទេសកម្ពុជាទទួលបានសន្តិភាពពិតប្រាកដ រស់ក្រោមដំបូលសន្តិភាពដ៏ត្រជាក់ និងទទួលបាននូវរស់ជាតិសន្តិភាពដែលប្រទេសលែងមានសង្គ្រាមច្បាំងបង្ហូរឈាមខ្មែរនិងខ្មែរ ហើយស្គាល់តែការអភិវឌ្ឍន៍ នៅក្រោមដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាអគ្គមគុទ្ទេសក៏សន្តិភាពនៃកម្ពុជា គឺប្រជាជនកម្ពុជា ទទួលបាននូវការរស់រៀនមានជីវិត មានកម្មសិទ្ធិ មានមុខរបរ មានការងារ មានអ្វីៗគ្រប់យ៉ាង។ តែដោយឡែកឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ ដោយសារមេរោគកូវីដ១៩ ដ៏កាចសាហាវ ដែលរាត្បាតឆ្លង និងសម្លាប់មនុស្សជាតិជាសាកល ហើយក្នុងនោះប្រទេសកម្ពុជាយើងក៏រងគ្រោះដែរនោះ បានធ្វើឱ្យយើងខកខានប្រារព្ធពិធីសង្ក្រាន្ត (បុណ្យចូលឆ្នាំថ្មី) តាមប្រពៃណីអស់ ២ឆ្នាំ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល លើគោលនយោបាយជាតិ ផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះ ឆ្នាំ២០២២នេះ បានធ្វើឱ្យប្រទេសកម្ពុជា អាចធ្វើដំណើរចាកចេញពីការវាយលុកធ្ងន់ធ្ងរពីសំណាក់កូវីដ១៩ ហើយពេលជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលក្លាយជាប្រទេសស្តារនិងភអិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ បន្ទាប់ពីប្រទេសសហព័ន្ធអារ៉ាប់រួម។
បន្ថែមពីនេះ លោក សួន សេរីរដ្ឋា បានបន្តថា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសឱ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចូលរួមប្រារព្ធធ្វើបុណ្យចូលឆ្នាំថ្មី (សង្ក្រាន្ត) និងរួមគ្នាលេងកំសាន្តសប្បាយនូវល្បែងល្បាំប្រជាប្រីយ៍គ្រប់យ៉ាង តាមប្រពៃណីដូនតាឱ្យបានសប្បាយ។ តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែមិនភ្លេចជួយក្រើនរំលឹកប្រជាពលរដ្ឋជានិច្ចនូវវិធានការការពារការឆ្លងកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងជាអគ្គមគុទ្ទេសក៏សន្តិភាពកម្ពុជា តែងចង់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ធ្វើការផង លេងកំសាន្តផង និងការពារកូវីដ១៩ ផង ដើម្បីរស់សប្បាយនៅក្រោមម្លប់សន្តិភាពដែលសម្តេច បានពលីកម្មយ៉ាងលំបាកយកមកជូនប្រជាជនកម្ពុជា។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «សង្ក្រាន្តសន្តិភាព» ចាប់ពីឆ្នាំនេះតទៅគឺសង្ឃឹមថាអាចប្រារព្ធធ្វើបានជារៀងរាល់ឆ្នាំទៀងតាមប្រពៃណីទំនាមទម្លាប់ដោយគ្មានការរំខានទៀតឡើយ…។ ដូច្នោះប្រជាជនកម្ពុជា គ្រប់រូបមានកាតព្វកិច្ចការពារសន្តិភាពដែលយើងមាន ដើម្បីការសម្បូរសប្បាយ អភិវឌ្ឍន៍ប្រទេសជាតិឱ្យចម្រើនលូតលាស់ទៅមុខរហូតជាអមតៈទុកឲ្យកូនចៅជំនាន់ក្រោយ»៕