(កោះកុង)៖ ក្នុងរយៈពេល៣ថ្ងៃ គិរចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកោះកុង ចំនួន ៣៣,៦៧០នាក់។

ក្នុងនោះមានភ្ញៀវជាតិចំនួន៣៣,១១៥នាក់ និងភ្ញៀវបរទេសចំនួន ៥៥៥នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

លោក ច័ន្ទ គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា «ក្នុងព្រឹត្តការណ៍ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅតាមរមណីយដ្ឋានតំបន់កម្សាន្តតំបន់ទេសចរណ៍នានា ក្នុងខេត្តកោះកុង មានភ្ញៀវទេសចរជាតិ -អន្តរជាតិ ចូលមកកម្សាន្តមានចំនួន ៣៣,៦៧០នាក់ នៅលើទឹកដីខេត្តកោះកុង»

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបញ្ជាក់ថា នៅតាមរមណីយដ្ឋានផ្ទះសំណាក់មានតម្លៃសមរម្យដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចទទួលយកបានក្នុងតម្លៃសមរម្យ។ ចំពោះសុវត្ថិភាពភ្ញៀវជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋមានសុវត្ថិភាពល្អពុំមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។

លោកបានបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល៣ថ្ងៃនេះ ឃើញថាមានការសប្បាយរីករាយក្រៃលែង ហើយមានល្បែងលេងកម្សាន្តតាមប្រពៃណីជាតិខ្មែរ ទោះបីយ៉ាងណាក៏មន្ត្រីជំនាញម្ចាស់រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះនេះជំងឺដែលមានហានិភ័យខ្ពស់៕