(រតនគិរី)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ២០២២ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៩២,១២១នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ១៦៣នាក់ បានដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តរតនគិរី។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
លោក ង៉ែត ពិទូ បានបន្តថា ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្លាំងបែបនេះគឺដោយសារកត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អជាពិសេសនោះគឺរាជរដ្ឋាភិបាលបានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋយើងបានគ្រប់ៗគ្នាជាហេតុធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ១៩ មានការថយចុះនិងមិនការស្លាប់ក្នុងរយៈពេលចុងក្រោយនេះ ហើយម្យ៉ាងទៀតពួកគាត់ខកខានមិនបានដើរលេង២ឆ្នាំមកហើយដោយសារវិបត្តិកូវីដ១៩។ រួមផ្សំនឹងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តដែលមានលោក ញ៉ែម សំអឿន ជាអភិបាលខេត្តបានរៀបចំរចនាសម្ព័ន្ធនានា ក្នុងខេត្តបានល្អ និងរៀបចំឱ្យមានព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» ផងដែរ ទើបមានលំហូរភ្ញៀវទេសចរចូលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះមានការហក់ឡើងគួរឱ្យមោទនៈ។
ដោយឡែកលោក ងិន ណែល អភិបាលក្រុងបានលុង ក៏បានលើកឡើងថាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃមកនេះរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តរតនគិរី» នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប្រកបដោយភាពជោគជ័យ និងមានប្រជាពលរដ្ឋប្រមាណ ៥២,៦៨៦នាក់ បានចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃនេះ។
លោកថាពួកគាត់ពិតជាមានការសប្បាយរីករាយជាមួយនឹងការរាំលេងកម្សាន្ត,លេងល្បែងប្រជាប្រិយ, ល្បែងកម្សាន្តផ្សេងៗជាច្រើនដូចជាប៉ាតម្សៅ, លេងបាញ់ទឹកនិងបាញ់ពពុះទឹកគួរឱ្យទាក់ទាញ និងពេញនិយមពីមនុស្សរាប់ម៉ឺននាក់ចូលរួមលេងកម្សាន្តសប្បាយយ៉ាងត្រជាក់ចិត្តក្នុងមួយថ្ងៃៗ។ ជាមួយគ្នានោះដែរថ្នាក់ដឹកនាំខេត្តក៏បានចូលរួមលេងល្បែងប្រជាប្រិយ៍ជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលែងក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍន៍ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជឿជាក់៕