(ភ្នំពេញ)៖ ក្រោយពីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ប្រកាសដាក់ឈ្មោះ លោកតំណាងរាស្រ្ត និងគេហៅគ្រប់ៗគ្នាជាឧកញ៉ា ឡោក ហ៊ួរ ដាក់នៅក្នុងបញ្ជីខ្មៅរបស់ក្រសួង ពាក់ព័ន្ធជម្លោះដីធ្លីជាមួយ ប្រជាពលរដ្ឋ ទាំងនៅភ្នំពេញ និងនៅតាមខេត្តនោះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាព Fresh News បានទាក់ទងទៅ មន្រ្តីជំនាញ របស់ក្រសួងម្នាក់ ដើម្បីពន្យល់ថា តើការដាក់ឈ្មោះតំណាងរាស្រ្តរូបនេះ នៅក្នុងបញ្ជីខ្មៅនោះ វាមានន័យឲ្យលម្អិត យ៉ាងដូចម្តេច?
សម្រាប់រឿងរ៉ាវមួយនេះ មន្រ្តីជំនាញរូបនេះ បានពន្យល់ និងបញ្ជាក់ថា «ការដាក់ចូលនៅក្នុងបញ្ជីខ្មៅ ដែលហៅថា Black List ហ្នឹង គឺរាល់ឯកសារផ្ទេរ លក់ នូវអចលនទ្រព្យរបស់គាត់ (ឧកញ៉ា ឡោក ហ៊ួរ) គឺខាងក្រសួងឈប់រវីរវល់ទៀតហើយ និងដោយសារមាន ប្រវត្តិជាប់ទំនាស់ច្រើនពេក។ សព្វថ្ងៃនេះ ក៏មានសំណើរមួយចំនួន នៅក្នុងក្រសួងហេតុដូច្នេះហើយ ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់ទៅ កូនចៅ នៅតាមនាយកដ្ឋានទាំងអស់ មិនត្រូវចុះហត្ថលេខាលើឯកសារណាមួយរបស់គាត់ឡើយ»។
មន្រ្តីរូបនេះ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការប្រកាសដាក់ឈ្មោះ នៅក្នុងបញ្ជីខ្មៅនោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានរាយការណ៍ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រាយការណ៍ទៅកាន់រដ្ឋសភា ពីព្រោះគាត់ (ឧកញ៉ា ឡោក ហ៊ួរ) ជាតំណាងរាស្រ្ត និងរាយការណ៍ទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយ ខេត្តបាត់ដំបង ពីព្រោះលោកឧកញ៉ា ឡោក ហ៊ួរ គឺជាតំណាងរាស្រ្ត ហើយជាក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត កាលពីម្សិលមិញ បានបញ្ជាក់ប្រាប់ Fresh News ថា «នាពេលថ្មីៗឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសនៅក្នុងកិច្ច ប្រជុំអំពីលោកឧកញ៉ា ឡោក ហ៊ួរ មានទំនាស់ដីធ្លីច្រើនណាស់, តាមព័ត៌មានដំបូងនាពេលនេះ មានចំនួន៥ កន្លែងហើយ ទាំងនៅភ្នំពេញ និងតាមខេត្តនានា។ អ៊ីចឹងឯកឧត្តមរដ្ឋមន្រ្តីដាក់បញ្ជីខ្មៅ»។
នាពេលកន្លងមកថ្មីៗ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា លោកនឹងរៀបចំដាក់បញ្ជូនឈ្មោះបុគ្គល ណាក៏ដោយតែងតែ រំលោភយកដីប្រជាពលរដ្ឋ ទោះមានឋានៈអ្វីក៏ដោយក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ហើយលោកក៏នឹង រាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំនឹងការបញ្ចូលក្នុងបញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះ ឬផ្ទេរកម្មសិទ្ធិ និងរាយការណ៍ជូនសម្តេចរាល់ បុគ្គលណា ដែលតែងតែមានករណីរំលោភ យកដីប្រជាពលរដ្ឋ ទោះឋានៈធំប៉ុណ្ណាក៏ដោយ»។
ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រីបញ្ជាឲ្យមន្ត្រីរបស់ក្រសួងរៀបចំដែនដីទាំងអស់ មិនត្រូវចុះហត្ថលេខា លិខិតស្នើចុះបញ្ជីឬផ្ទេរ កម្មសិទ្ធិដីធ្លី ជូនបុគ្គលដែលមានឈ្មោះ ក្នុងបញ្ជីខ្មៅរបស់ក្រសួងជាដាក់ខាត។
សូមជំរាបថា បន្ទាប់ពីឧកញ៉ា ឡោក ហ៊ួរ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង យកទៅធ្វើសកម្មភាពជីកលើកទំនប់រំលោភយកដី ព្រៃលិចទឹក ដីបឹងអតីតឡូនេសាទ និងដីប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ដោះស្រាយមិនទាន់ចប់ រាប់សិបហិកតា នៅក្នុងស្រុក កៀនស្វាយ និងស្រុកស្អាង ហើយអ្នកស្រុកប្ដឹងទៅអភិបាលខេត្តកណ្តាលរួចមក, លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចេញលិខិតមួយច្បាប់ផ្ញើជូន អភិបាលស្រុកកៀនស្វាយ និងអភិបាលស្រុកស្អាង ដឹកនាំមន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច រួមមាននគរបាល អាវុធហត្ថ និងយោធាស្រុកកៀនស្វាយ មានចំនួនជិត៣០នាក់ ចុះទៅកាន់ទីតាំងប្រព្រឹត្តបទល្មើសនៅចំណុចភូមិ ព្រែកតាកែវ ឃុំសំរោងធំ ដែលជាតំបន់ដីបឹងព្រៃលិចទឹក ក៏ឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាព ហើយចាប់យកមកទុក នៅសាលាស្រុក។
នៅលិខិតរបស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវធ្វើការទប់ស្កាត់ និងបញ្ឈប់សកម្មភាពជីកលើក ឈូសឆាយ ដីអនាធិបតេយ្យក្នុងតំបន់ដែលលោកឧកញ៉ា ឡោក ហ៊ួរ ឬអ្នកដទៃផ្សេងទៀត គ្រប់គ្រងមិនស្របច្បាប់ និងមិនអនុញ្ញាតឲ្យមានការលក់ ទិញ ឬផ្ទេរសិទ្ធិគ្រប់គ្រង ព្រមទាំងចេញលិខិតស្នាមលើដីវិវាទ។
ទន្ទឹមនឹងនោះសាលាខេត្តកណ្តាល នឹងបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចុះអង្កេតស្រាវជ្រាវ ដោះស្រាយលើដីទំនាស់ ជាក់ស្តែង តាមបណ្តឹងរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធចំណាត់ការរបស់អាជ្ញាធរខេត្តរឿងជំលោះដីធ្លី ជាមួយឧកញ៉ា ឡោក ហ៊ួរ ខាងលើនេះ, អ្នកស្រុកកៀនស្វាយ និងអ្នកស្រុក ស្អាងកំពុងទល់ភ្នែក ចាំមើលចំណាត់ការរបស់អភិបាលខេត្តកណ្ដាល លើករណីឧកញ៉ា ឡោក ហ៊ួរ បំពានយកដីបឹង និងដីប្រជាពលរដ្ឋ.!៕