(សៀមរាប)៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានបន្តផ្ដល់កិត្តិយសក្នុងថ្ងៃវារៈឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។
ការចូលរួមទាំងនេះធ្វើឡើងនៅថ្ងៃទី១៦ មេសា ឆ្នាំ២០២២ ដោយមានការជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងវេលារៀបចំពិធីស្រង់សុគន្ធវារីលើព្រះពុទ្ធរូប ស្រង់ព្រះហស្ថព្រះសង្ឃ និងស្រង់ទឹកប្រគេនព្រះសង្ឃ និងជូនចាស់ព្រឹទ្ធាចារ្យ នៅខេត្តសៀមរាប។
បន្ទាប់ពីកាទស្សនា និងជូនជ័យលាភីលើការប្រណាំងទូកផ្ដាច់ព្រ័តរួចមក ក្នុងឱកាសនាល្ងាចថ្ងៃនេះផងដែរ សម្តេចពិជ័យ ព្រមទាំងប្រតិភូអមដំណើរ តំណាងរាស្ត្រមណ្ឌលសៀមរាប ក្រុមប្រឹក្សា-សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល-អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ បានជិះទូកក្នុងកម្មវិធីដង្ហែក្បួនទូក តាមដងស្ទឹងសៀមរាប និងមានការបណ្ដែតគោមទឹក ព្រមទាំងបានធ្វើការបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ផងដែរ៕