(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ គឺជាខួប ៤៧ឆ្នាំ នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ៤៧ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញ ជួបនូវភាពវឹកវរឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបានសុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ខ្នងព្រៃផ្សៃបំផុតមួយនៅលើពិភពលោក។
ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុងភ្នំពេញ ពីគ្រប់ច្រក។
សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេ។ ប្រជាជន ទាំងអស់ រីករាយ ហើយ សង្ឃឹមថា ប្រទេសជាតិ មានសន្តិសុខ សុខសាន្តត្រាណ ហើយព្រោះកងទ័ពខ្មែរក្រហមនោះ ស្ថិតក្រោមរដ្ឋាភិបាល ដែលមានសម្តេច សីហនុ ជាប្រមុខនោះ។
ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅខ្លួនឯងថាជា «រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា» ដដែលក៏ប៉ុន្តែអំណាចពិតប្រាកដមិនមែន ស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។
យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅភាគច្រើនជា ក្មេងមានអាយុចន្លោះពី១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិនញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះអាចត្រឡប់មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។
ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយប្រជាជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជនខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។
ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយរូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។
រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាពេលវេលាដែលជាតិកម្ពុជាជួបនូវវិនាសកម្ម ជួបក្តីអន្តរាយ ក្លាយជាប្រទេសអន់ថយ។ ប្រជាពលរដ្ឋរងទុក្ខវេទនា និរាស្ត្រព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារជាទីបំផុត និងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។ ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំធ្វើស្រែចំការ គ្មានសិទ្ធិសេរីភាពក្នុងការប្រារព្ធទំនៀមទម្លាប់ ប្រពៃណី សាសនា និងទាមទារអ្វីដែលសិទ្ធិផ្តល់ពីកំណើតនោះឡើយ សូម្បីតែសិទ្ធិរស់។ ជីវិតពលរដ្ឋខ្មែរប្រៀបដូចជាធ្លាក់ឋាននរកទាំងនៅមានជីវិត។
រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមកណ្តាប់ដៃបនប្រល័យ ប៉ុល ពត បានធ្វើឱ្យពលរដ្ឋខ្មែរ ជាង ១.៧លាននាក់ ទៅ ២.២លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើអមនុស្សធម៌ដ៏យង់ឃ្នង់ផ្សេងៗទៀត៕