(អាមេរិក)៖ ដំណឹងល្អ តែមិនទាន់ជាផ្លូវការមួយបានលេចធ្លាយ និងសាយភាយពេញបណ្ដាញអ៊ីនធើណែត ដោយបានបញ្ជាក់ថា កម្មវិធី WhatsApp នឹងដាក់ឲ្យប្រើប្រាស់មុខងារ Video call នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយនៅពេលនេះ កំពុងតែសាកល្បង នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា។
ប្រភពព័ត៌មានក្រៅផ្លូវការមួយបានបង្ហោះរូបភាព មុខងារ Video call របស់កម្មវិធី WhatsApp នៅលើបណ្ដាញអនឡាញ ដោយក្នុងនោះ ពួកគេបានអះអាងថា ក្រុមការងារ WhatsApp បាននឹងកំពុងតែសាកល្បងប្រើប្រាស់មុខងារមួយនេះដោយមាន ការចូលរួមពីអ្នកប្រើប្រាស់មួយចំនួនផងដែរ ប៉ុន្តែគេមិនទាន់បានបញ្ជាក់ថា មុខងារមួយនេះ នឹងដាក់ឲ្យប្រើនៅពេលណានោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ បណ្ដាញសង្គមយក្ស Facebook បានសម្រេចចិត្តទិញកម្មវិធី WhatsApp ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក ដែលជាការទិញលក់ដ៏ថ្លៃជាងគេបំផុតនៅក្នុងអាជីវកម្មបច្ចេកវិទ្យា ហើយគិតមកដល់ពេលនេះ WhatsApp មានអ្នកប្រើជាង ១ពាន់លាននាក់ នៅជុំវិញពិភពលោក៕