(ភ្នំពេញ)៖ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរតាមការនិទានដំណាលតៗគ្នាមក ព្រះថោង និង នាងនាគ ជាឳពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើតអោយមានជាតិ មានកំណើត មានទឹកដីខ្មែរមុនគេដំបូងបង្អស់។ បងប្អូនខ្មែរយើងភាគច្រើនណាស់ ពុំបានដឹង ពុំបានស្គាល់ប្រវត្ដិនេះទេ។ ឯកសាររាប់រៀប អំពីប្រវត្ដិ ព្រះថោង នាងនាគី» មាននៅក្នុងសឹងតែគ្រប់ពង្សាវតារខ្មែរដែលរៀបចំសរសេរឡើងដោយអ្នកនិពន្ធផ្សេងៗ។
(ប្រវត្តិសាស្ត្រខ្មែរ ភាគរឿងព្រេងនិទាន)
* ព្រះពុទ្ធទំនាយ
សម័យមួយ ព្រះសមណគោត្ដមព្រះពុទ្ធបរមគ្រូ កាលនោះព្រះជន្មបាន ៨០វស្សា បានយាងត្រេចរង្គត់ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ បានយាងទៅដល់កោះមួយ ដែលមានដើម «ធ្លក» ដុះបែកមែកសាខាត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូលរបស់ស្ដេចភុជង្គនាគ សំរាប់ចេញចូលមកក្រសាលលេង។ ទីដីកន្លែងនោះមានស្ថានភាពរាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅដោយសុខសាន្ដ។
នៅពេលដែលព្រះអាទិត្យចូលអស្ដង្គត ហើយព្រះច័ន្ទបានចាប់រះឡើងបន្ដវេនព្រះពុទ្ធអង្គនិងព្រះអានន្ទ ក៏នាំគ្នានិមន្ដចូលសំរាកក្រោមដើមធ្លក។ ទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមកគាល់ថ្វាយបង្គំ ព្រះពុទ្ធ។
ស្ដេចភុជង្គនាគ ដែលបានយាងចេញមកក្រសាលនៅទីទួលដើមធ្លក បានយល់ឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស ហើយនាំក្រុមបរិវារមកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គសំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយទេវបុត្រទេវតា ទេពអប្សរ និងទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ព្រះពុទ្ធជាអម្ចាស់ដែរ។
ព្រឹកព្រហាមស្រាងៗកាលណា ព្រះពុទ្ធអង្គចាប់ផ្ដើមស្មឹងស្មាតប្រមើមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គត្រូវនិមន្ដទៅប្រោស។ បន្ទាប់មកព្រះអង្គទ្រង់សោយចង្ហាន់។ ដោយធំក្លិនម្ហូបអាហារទិព្វឈ្ងុយឆ្ងាញ់ពេកហើយដោយទ្រាំមិនបាន សត្វត្រកួតដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួនមកថ្វាយបង្គំព្រះពុទ្ធបរមគ្រូ ព្រះអង្គបានពូតបាយ ហើយបោះអោយទៅសត្វត្រកួតនោះទុកធ្វើជាអាហារឆ្ងាញ់ពេក ត្រកួតលិតមាត់លិតក លៀនអណ្ដាតចេញមកក្រៅ។ ទតឃើញត្រកួតមានអណ្ដាតព្រែកចេញជាពីរ ព្រះពុទ្ធលោកទ្រង់ឈ្ងោកព្រះភ័ក្រ្ដសំលឹងទៅព្រះធរណីដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអានន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរសុំអោយព្រះអង្គពន្យល់អំពីហេតុផល។
ព្រះអង្គបានមានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត «កោះកោកធ្លក» នេះ នឹងកកើតក្លាយទៅជានគរមួយខ្លាំងក្លាមានទឹកដីធំទូលាយ ប្រជាជនរស់នៅដោយសុខសប្បាយក្សេមក្សាន្ដថ្កុំថ្កើងរុងរឿង។
សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនារបស់ព្រះពុទ្ធ ក្រោយមកដែលបានចាកលោកនេះទៅ នឹងបានកើតជាព្រះរាជបុត្រស្ដេចនគរឥន្ទព័ទ្ធ ហើយនឹងយាងមកសោយរាជ្យសម្បត្ដិនៅនគរគោកធ្លក។ ពេលនោះស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គ នឹងដាក់ឈ្មោះនគរគោកធ្លកជា «កម្ពុជាធិបតី» ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា «ស្រុកខ្មែរ»។ ឯព្រះឥន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទធំល្អល្អះជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុងប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ សំដីនិយាយចេញមកមានន័យផ្សេង មិនដូចចិត្ដគំនិតដែលគិតយល់នោះទេ។ គឺមានអណ្ដាតព្រែកបែកជាពីរ ដូចសត្វត្រកួតជីតារបស់ខ្លួន។ ទ្រង់ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏ទ្រង់យាងនិមន្ដបន្ដដំណើរទៅប្រោសសត្វលោកតទៅទៀត។
ប្រវត្ដិព្រះថោង
កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានកូនប្រុស៥នាក់ បុត្រទី១ ត្រូវបានព្រះអង្គតំរូវអោយកាន់កាប់ខេត្ដខ័ណ្ឌផ្នែកទិសខាងកើត បុត្រទី២ ខេត្ដខ័ណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដខណ្ឌខាងលិច ហើយបុត្រទី៤ ព្រះថោង ត្រូវទទួលបន្ទុកខេត្ដខ័ណ្ឌទិសខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនឹងព្រះអង្គក្នុងបរមរាជរាំង។
ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលទេសត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជាត្រូវតែទទួលស្ដេចនគរចំណុះ នាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី ព្រះអទិច្ចវង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាងទៅទទួលភ្ញៀវជំនួសព្រះអង្គ។ គ្រប់ៗគ្នា មានទាំងស្ដេចបងព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោង ដែលមិនបានក្រាបថ្វាយបង្គំតាមទំនៀមទំលាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរអោយប្អូនរួចស្រេចបាច់បាត់ទៅហើយ។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់រាជ្យអោយបុត្រពៅរួចស្រេចទៅហើយមែន។
ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វមុខមន្ដ្រីដើម្បីរៀបរាប់ប្រាប់អស់នូវព្រឹត្ដិការណ៍។ ព្រះអង្គបានសំរេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំងអស់ នៅឯបរមរាជវាំង។
ពេលនោះនាម៉ឺនមុខមន្រ្ដីទាំងអស់ គ្មាននរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗគិតតែវៃអបស៊ីអែបលេមលើមឥតខ្មាសអៀនហើយយល់ស្របតាមគ្រប់ចំនុច។ ពីនោះថ្ងៃមក ព្រះថោងលែងទៅថ្វាយបង្គំព្រះបិតាដូចសព្វដងទៀតហើយ។
ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះអង្គលុតជង្គង់ថ្វាយបង្គំដែលធ្វើអោយព្រះថោងមានការភ្ញាក់ផ្អើល និងឆ្ងល់យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់គ្រប់ដំណើរដើមទងមក ព្រះថោងក៏បានយល់ស្គាល់អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។
ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុកស្មាញនេះបានដោយជោគជ័យ ក្នុងសន្ដិវិធី គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណាវែងឆ្ងាយឡើយ អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជាការក្បត់ នឹងប្រទេសជាតិដែរទោសនេះ គឺត្រូវតែប្រហារជីវិតបង់ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយព្រះថោងព្រះអង្គធ្លាប់មានគុណបំណាច់ក្នុងការពារទឹកដីប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់នីរទេសព្រះអង្គប៉ុណ្ណោះបានហើយ។
ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជន្មបាន១៦ឆ្នាំ ព្រះអង្គបានយាងចេញទៅកាន់កាប់ខេត្ដខ័ណ្ឌទិសខាងត្បូង។ ២០ឆ្នាំក្រោយមក អាយុបាន៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់នីរទេស ដេញចេញពីនគរ។ នាម៉ឺនមុខមន្ដ្រីពលសេនា និងប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោដិនាក់ (តែឯកសារខ្លះថាតែ១សែននាក់) បានសុខចិត្តចាកចេញអំពីនគរទៅរស់នៅដង្ហែរតាមព្រះថោង។ ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់សក់ជើងកញ្ជើ អោយខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បានបញ្ជាបក្សពួកក្រុមព្រះអង្គអោយចុះសំពៅទូកក្បួនបណ្ដែតតាមទន្លេខ្សែទឹក។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើដំណើរឆ្លងកាត់តាមព្រៃព្រឹក្សាចុះមកតាមទិសខាងត្បូងរហូតមកដល់ភ្នំដងរែក ដែលជាដំបន់ភូមិភាគមួយអហោរស្ថានគ្មានមនុស្សរស់នៅ។
ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយបោះយុថ្ការ ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាលជាប់មកជាស្រុកគ្រួខ័ណ្ឌ ឬគោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែកសព្វថ្ងៃ។ ក្នុងវគ្គនេះ ពង្សាវតារខ្លះទៀតបញ្ជាក់ថា ព្រះថោង និងបរិវារអ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែលនៅទីនោះបានជាប់ឈ្មោះបឹងពុងពាយ រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចេរចានិងស្ដេចចាម ដើម្បីចងស្ពានមេត្រីក្នុងន័យរួមរស់ជាមិត្ដភាពក្នុងតំបន់ជាមួយគ្នា។
ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះឈ្លោះមិនចុះសំរុងនឹងគ្នា ហើយក៏កើតមានជាសង្រ្គាមចំបាំងរាំងជល។ ព្រះថោងបានយកជ័យជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចំបាសាក់ បច្ចុប្បន្នទឹកដីលាវសព្វថ្ងៃ។ ឥឡូវព្រះថោងព្រះអង្គបានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា «នគរគោកធ្ល»។
បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះអង្គបានបញ្ជាអោយអ្នកប្រាជ្ញកែប្រែអក្សរភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរសំរាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច ក៏ត្រូវបានចាត់យ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន នៅលើទឹកដីនគរគោគធ្លក។
* អភិសេកព្រះថោងនាងនាគ
ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវហត់អស់កំលាំង ព្រះ អង្គចូលទៅសំរាកក្រោមដើមធ្លក ដល់ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយមិនអាចវិលត្រលប់វាំងប្រាសាទបាន ព្រះថោងក៏ទ្រង់សំរាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្ដី បុត្រីសេ្ដចភុជង្គនាគបាននាំអស់ពួកភីលៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគក៏ចាប់ផ្ដើមមានចិត្ដស្នេហាស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក។
ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការគ្រប់បែបយ៉ាងមករង់ចាំនៅត្រង់ទីកន្លែងដដែល។ ចំណែកព្រះនាងធារាវត្ដី កាលបើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា។ ស្ដេចភុជង្គនាគ មិនបានយល់ជំទាស់ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន។
ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាងបរិបូរណ៌ឥតមានខ្ចោះ ឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និងអគ្គមហេសីបានយាងចេញមកត្រង់កន្លែងដើមធ្លកមែន បានយល់ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់លុតជង្គង់ក្រាបថ្វាយបង្គំដោយក្ដីគោរព។ ស្ដេចភុជង្គនាគ និងមហេសីពេញចិត្ដត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយាតរៀងមក។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងទឹកសមុទ្រ បង្កបង្កើតអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទ វាំងតូចធំទុកថ្វាយជាច្រើន។
ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ២៦៧ មុនគ.ស។ កាលនោះព្រះ
* ថោងបានព្រះជន្ម ៤៦វស្សា
ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះអង្គបានទទួលគោរម្យនាមជា ព្រះបាទសម្ដេចកុម៉ែរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរិយសសោភា បវររាជធានី បូណ៌មីឧត្ដមមហាដ្ឋាន។ ព្រះអគ្គមហេសីនាងនាគ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី។ ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណាស្ដេចភុជង្គនាគ និងព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់ចុះទៅព្រះនគរវិញ ដើម្បីជូនដំណើរព្រះបិតាព្រះមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬព្រះបាទសម្ដេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគចុះទៅតាមទៅជាមួយដែរ។ កាលនោះព្រះថោងរៀបចំសាងសង់ព្រះបរមរាជវាំង គង់នៅមហានគរធំ ឬមហានគរ ឬអង្គរដែលជាកន្លែងដើមធ្លកបានដុះ។
* សង្គ្រាមនឹងចាម
នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេចចាមដែលច្បាំងចាញ់ព្រះថោងកាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាមអាសចៃយរាជ ដោយមានកូនប្រុសប្រាំនាក់ ធ្វើជាមេទ័ពជំនួយ បានលើកទ័ពចេញមកពីចំបាសាក់។
ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួមផង បានមកចោមព័ទ្ធទីក្រុងមហានគរ។ ពេលនោះព្រះកុម៉ែរាជបានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូលថា បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង នឹងត្រូវស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិចកិច្ចកលជាចាញ់ ខ្លាចចាមហើយនាំគ្នាវាយសំរុកបើកផ្លូវ នាំគ្រួសាររត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួនហើយនាំគ្នាមកតាំងទីក្នុងមហានគរជាមិនខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារសត្រូវយកជ័យជំនះវិញ។
ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយជំរុំនៅ នគររាជសីមា។ ព្រះអង្គក៏ចាប់ផ្ដើមរៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពីជ័យសង្រ្គាម។ ទ័ពចាមដូចដែលព្រះអង្គបានគិតមែន បាននាំគ្នាមកតាំងទីនៅក្នុងព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជដោយមានជំនួយពីទ័ពនាគបានលើកទ័ពទៅវាយប្រហារ កំចាត់ទ័ពចាមធ្វើអោយបរាជ័យរត់បាក់បែកអស់។ ស្ដេចចាមអាសចៃយរាជ ត្រូវរបួសយ៉ាងទំងន់ ហើយក៏បានបាត់បង់ជីវិត ក្នុងគ្រាចំបាំងនោះទៅ។ រីឯកូនប្រុសទាំងប្រាំនាក់របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូនស្ដេចចាមទាំងប្រាំនាក់ បានទទួលខ្លួនចុះចាញ់ សុំចំណុះ និងសុំបំរើព្រះថោងរៀងរហូតតទៅ។
ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះសុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំងនៅលើភ្នំបាយ៉ងកោ ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមន្រ្ទាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រងស្រុកត្បូងឃ្មុំ និងព្រះសន្រ្ទាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង។
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិសនុកលោក និងសុខោទ័យ នៅទិសខាងលិចទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួននៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិសខាងត្បូងទល់និងសមុទ្រ។
មួយផ្នែកទៀត នាគ្រាកាលនោះគេសំគាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញប្រកបមុខរបរក្នុងស្រុកខ្មែរ មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់ត្រីកន្ធរយកមកប្រលាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀមទាំងនោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរសម្ដេចព្រះកុម៉ែរាជជាសួយសារអាករ។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយជារៀងរាល់ឆ្នាំ ក៏តែងតែនាំយកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជាជាសួយសារអាករដែរ។
ព្រះថោងនិងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារៈកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និងប្រគល់បេសកកម្មរៀងខ្លួន អោយទៅត្រួតត្រាស្រុកនគរប្រទេសផ្សេងៗ
ព្រះវិរោជ, បុត្រច្បង ទទួលមុខងារ ជាមហាអុបរាជ
ព្រះហរិរាជ, ជាកែវហ្វារ
ព្រះបរមន្ទិរាជ ត្រូវទៅគ្រប់គ្រងស្រុកមង្គលបូរី
ព្រះអុទ័យរាជា, ស្រុកធនបូរី
ព្រះនរិន្ទរាជា, ស្រុកសាវាងបូរី
ព្រះវិជៀនរាជ, ស្រុកគំដែងបូរី
ព្រះសាហរាជ, ស្រុកបូរីរ៉ាម
ព្រះភិរុណរាជ, ស្រុកបស្ចឹមបូរី
ព្រះពិជិតរាជ, ស្រុកពិជិតបូរី
ព្រះសុវណ្ណរាជ, ស្រុកសុវណ្ណលោក
និង ព្រះពិពិតរាជ ស្រុកពិស្នុកលោក។
ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទីវង្គត នៅឆ្នាំរកា ក្នុងព្រះជន្ម ១២២ ព្រះវស្សា។
* កំណត់សំគាល់
១៖ ប្រវត្ដិព្រះថោងនាង និងទំនៀមទំលាប់ បានដិតដាមជាប់ជានិច្ច ក្នុងប្រវត្ដិសង្គមជាតិខ្មែរ ទោះខ្មែរមិនបានដឹងមិនបានយល់ក៏ដោយ ក៏ខ្មែរបានគោរព និងអនុវត្ដលុះទៅតាមប្រពៃណី រួចស្រេចទៅហើយដែរ។ ដូចជាក្នុងពិធីរៀបអាពាហ៍ពិពាហ៍មង្គលការ គឺមានតាំងតែពីស្លៀកពាក់របៀបរៀបចំ ចំរៀងភ្លេងតន្រ្ដី រហូតដល់គ្រប់ពិធី មានសូត្រមន្ដព្រះបរិត្ដ សែនព្រេន បួងសួងបន់ស្រន់ អញ្ជើញឥន្រ្ទព្រហ្ម ទេពតាអារុក្ខអារក្សអ្នកតាចាស់ទុំ យមរាជខ្មោចព្រាយបីសាចចងដៃអោយពរជ័យសព្វសាធុការ បាចផ្កាស្លា និង តោងស្បៃកូនក្រមុំជាដើម៘
ដូច្នេះក្នុងទស្សនៈខ្មែរ ព្រះថោងនាងនាគ បានក្លាយទៅជានិមិត្ដរូប នៃការបង្កបង្កើតក្រុមគ្រួសារ កូនចៅ បន្ដវង្សក្រកូល។
បើយើងនិយាយ ក្នុងផ្នែកអក្សរសាស្រ្ដវិញ យើងសង្កេតឃើញមានរឿងព្រេងច្រើនណាស់ ដែលដំណាលរៀបរាប់និទានអំពីក្រពើឬ ត្រកួត ព្រះថោង ឬជីតារបស់ខ្មែរយើងនេះ។
រឿងព្រេងដែលនិទានអំពីក្រពើ មានវត្ដមាននៅគ្រប់ទិសទី ក្នុងគ្រប់ខេត្ដខ័ណ្ឌទឹកដីខ្មែរ ប៉ុន្ដែរូបភាពក្រពើត្រូវបានខ្មែរជំនាន់ថ្មីយល់ច្រលំជាតំណាងរូបភាពអាក្រក់ តំណាងមនុស្សអកតញ្ញូដែលរមិលមិនស្គាល់គុណគេ។ ពីព្រោះគេតែងនិយមនិយាយជាប់មាត់ថា «អាក្រពើវង្វេងបឹង»។ តែបើយើងយោលទៅលើន័យឃ្លានេះវិញ នោះទើបយើងឃើញថា គេចង់ចង្អុលបញ្ជាក់ទៅលើខ្មែរ ដែលភ្លេចដើមកំណើតខ្លួនជាខ្មែរ ភ្លេចស្រុកកំណើត មុខមាត់ព័ណ៌សំបុរខ្លួនជាខ្មែរ ភ្លេចភាសាវប្បធម៌ខ្លួនជាខ្មែរ ហើយយកវប្បធម៌អរិយធម៌បរទេសជាត្រីមុខ។ ដែលមានន័យថាក្រពើ មិនមែនមានន័យថាអាក្រក់នោះទេ។ ជាពិសេស បើក្រពើនោះនៅនឹករលឹកនៅស្គាល់បឹងដែលខ្លួនធ្លាប់ស្នាក់អាស្រ័យរស់នៅ។
តាមចំលាក់បូរាណ នៅតាមប្រាង្គប្រាសាទនានា ក៏គេសង្កេតឃើញមានរូបក្រពើ ឬ ត្រកួតដែលជាព្រលឹងខ្មែរជាហូរហែ។ រូបក្រពើនោះជួនត្រូវគេចាក់កាប់សំលាប់ ជួនជាតួទូកដែលគេនាំគ្នាជិះពីលើ។
ពុំនោះសោតទេ នៅតាមព្រះវិហារ ឬនៅពេលដែលខ្មែរចូលមរណៈភាព ជានិច្ចជាកាលខ្មែរតែងតែដោត «ទង់ព្រលឹង» ឬទង់ក្រពើ។ ទង់ព្រលឹងឬទង់ក្រពើជានិមិត្ដរូបតំណាងព្រះថោង។ ព្រះថោងជាព្រលឹងនៃជាតិខ្មែរ ដែលខ្មែរតែងរំលឹក គោរពបូជា ប្រណិបត្ដិដោយមិនដឹងខ្លួន។ ឯរូបសំណាកនាងគង្ហីង ឬនាងធរណី និងក្រពើនោះ គ្មាននរណាក្រៅអំពីព្រះថោងនាងនាគឡើយ។ ក្នុងទស្សនៈខ្មែរយើងទុកនាងគង្ហីងព្រះធរណីជាព្រះមេ ជាអ្នកមានគុណ។ សូម្បីតែក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ក៏បានបញ្ចូលព្រះនាងនាគ ឬ នាងគង្ហីង និងក្រពើក្នុងជំនឿសាសនា ក្នុងការគោរពជាតួអង្គការពារព្រះពុទ្ធផ្ចាញ់មារដែរ។
២៖ រីឯទឹកដីខ្មែរវិញ កាលជំនាន់ព្រះថោង មិនមែនតូចនោះឡើយ ប្រទេសជិតឆ្ងាយជនជាតិសាសន៍ផ្សេងៗ បាននាំគ្នាកុះកមករស់នៅ ក្សេមក្សាន្ដដោយសុខសន្ដិភាពសំបូរណ៍សប្បាយ។ ការរៀបចំស្រុកទេស អោយមានរចនាសម្ព័ន្ធ ក៏ចាប់ផ្ដើមមានដែរ។ ព្រះពុទ្ធសាសនាបានជ្រួតជ្រាប មានប្រជាពលរដ្ឋប្រកាន់គោរពពេញនគរ។ មិនតែប៉ុណ្ណោះសម្ដេចព្រះកុម៉ែរាជ ព្រះអង្គធ្លាប់បានធ្វើសារថ្វាយទៅស្ដេចកោះសេរីលង្កា សុំអោយព្រះអង្គចំលងធ្វើមកនូវ ព្រះត្រៃបិដក និងធម្មវិន័យព្រះពុទ្ធសាសនាដែលមានទាំងប៉ុន្មាន។ មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញព្រាហ្មណ៍ ឈ្មោះប្រទេសរាជ ត្រូវបានស្ដេចកោះសេរីលង្កា បញ្ជូនអោយមកជួបរៀបចំកិច្ចការទឹកដី នគរគោកធ្លក។
៣៖ ឯកសារមួយចំនួនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួនចេញ បានកំណត់ថា ព្រះថោង ឬសម្ដេចកុម៉ែរាជ និងព្រះបាទទេវង្សអស្ចារ្យជាតួអង្គព្រះមហាក្សត្រខ្មែរតែមួយ។
៤៖ ព្រះថោង ឬព្រះកុម៉ែរាជ ក៏អាចជាព្រះបាទ ហ៊ុន ទៀនដែរ។ កាលនោះ ក្នុងសតវត្សទី៣នៃគ្រឹស្ដសាសនា អ្នកដំណើរចិនម្នាក់ឈ្មោះក្វាងតៃ បានទៅដល់ស្រុកខ្មែរ ដែលចិនអោយឈ្មោះថា នគរហ្វូណន់។ អ្នកដំណើរចិននេះបានសំគាល់ថា ដោយសារតែសុបិននិមិត្ដស្ដេចឥណ្ឌាមួយព្រះអង្គព្រះនាម ហ៊ុន ទៀន បានសំរេចចិត្ដធ្វើដំណើរតាមសំពៅទៅនគរហ្វូណន់។ គ្រានោះ នៅចំពោះមុខការឈ្លានពានរបស់ព័ទឥណ្ឌា ព្រះនាងលីវ-យី ដែលជាស្ដេចស្រីនៅនគរហ្វូណន់បានលើកទ័ពចេញទៅច្បាំងទប់ទល់ តែព្រះបាទ ហ៊ុន ទៀន បានបាញ់ព្រួញទិព្វទំលុះទំលាយទូកព្រះនាងលីវ-យី។ ព្រះនាងលីវយីត្រូវលង់ទូក ហើយទទួលបរាជ័យ។ នៅទីបំផុត ព្រះនាងសុខចិត្ដសុំចុះចាញ់។ ចំណែកព្រះបាទ ហ៊ុន ទៀន វិញ ព្រះអង្គក៏បានពេញចិត្ដទៅលើរូបព្រះនាងលីវយីហើយក៏រៀបចំទុកដាក់ព្រះនាងជាព្រះអគ្គមហេសីសោយរាជសម្បត្ដិនគរហ្វូណន់ បង្កបង្កើតស្រុកខ្មែ តរៀងរហូតមក។
៥៖ ម៉្យាងវិញទៀត បើតាមសិលាចារិកនៅមីសុន ដែលគេបានសិក្សាកំនត់ថា ចារឆ្លាក់នៅក្នុងព.ស ៦៥៨ ព្រះមហាក្សត្រខ្មែរទី១មានព្រះនាម កៅឌិញ្ញ ដូច្នោះព្រះថោងក៏អាចមានព្រះនាមកៅឌិញ្ញដែរ។ សិលាចារិកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អសវត្ថាមន សំរាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅឌិញ្ញ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ភុជង្គនាគ។
ដូច្នេះ យើងឃើញថា ដើមកំណើតដំបូងរបស់ខ្មែរ មានលក្ខណៈស្រពិចស្រពិលជាច្រើន បើយើងសំអាងទៅលើសិលាចារិកនៅមីសុននិងទៅលើកសក្ខីភាពរបស់អ្នកដំណើរចិន។ តែអ្វើដែលយើងឃើញមានសេសសល់ជាទំនៀមទំ លាប់ ជាប្រពៃណី អក្សរសាស្រ្ដ និងជារូបចំលាក់ គង់វង្សរហូតមកដល់សព្វថ្ងៃ គឺព្រះថោងនាងនាគ។ ដូចដែលយើ ងបាននិយាយខាងលើរួចមកហើយ ព្រះថោងនាងនាគជានិមិត្ដរូបនៃគ្រួសារវង្សត្រកូល និងប្រទេសជាតិខ្មែរ។
ដោយ៖ រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ