(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ បានធ្វើពិធីពូនភ្នំខ្សាច់ព្រញពុទ្ធរូប និងងូតទឹកជូនចាស់ៗនៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដាច់ណាត់ និងទាន់ពេលវេលា ក្នុងការទិញនិងការទទួលបាននូវវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ ចាក់វ៉ាក់សាំងជូនប្រជាជនតាមអភិក្រមផ្ការីកដែលនាំឱ្យការឆ្លងជំងឺកូវីដ-១៩ ថយចុះ មានភាពស៊ាំក្នុងសហគមន៍ រាជរដ្ឋាភិបាលអាចប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យតាមគន្លង ប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមថែរក្សាគាំពារមនុស្សចាស់ឱ្យមានសុខភាពល្អ រស់នៅប្រកបដោយភាពថ្លៃថ្នូរ ដើម្បីជាម្លប់ដល់កូនចៅទាំងអស់គ្នា សមស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ បន្តចូលរួមរក្សា ការពារ សន្តិភាព ស្ថិរភាពនយោបាយ ពង្រឹងសមាគមមនុស្សចាស់ សមាគមអតីតយុទ្ធជន បន្តយកចិត្តទុកដាក់ និងគាំទ្រគ្រប់មធ្យោបាយ សុខុមាលភាពមនុស្សវ័យចាស់ ឱ្យកាន់តែល្អប្រសើរដល់ជនចាស់ជរាពិការភាព ចាស់ជរា ដែលគ្មានទីពឹង យកចិត្តទុកដាក់តាមដានសុខភាព និងតម្រូវការចាំបាច់ មនុស្សជ័យចាស់ នៅក្នុងរដូវក្តៅ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងអញ្ជេីញទៅបោះឆ្នោតក្រុម ប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានឹងភាពរីករាយ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានរៀបចំអាហារថ្ងៃត្រង់ជូនលោកតា លោកយាយ និងផ្តល់អំណោយដល់មនុស្សវ័យចាស់ចំនួន៤៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា៥០,០០០រៀល ក្រម៉ា១ ទឹកដោះគោ២កំប៉ុង បំពុងទឹកក្តៅ១បំពុង តែ១កញ្ចប់ ស្កសរ១កញ្ចប់ ពិលជួតក្បាល១ដើម មី៥កញ្ចប់ កៅអៀក៥បន្ទះ អំបិល១កញ្ចប់ ទឹកស៉ីអ៉ីវ១ដប ទឹកត្រី១ដប ខ្លញ់១ដប ប្រេងក្រឡា១ដប សារ៉ុង១ ព្រមទាំងថវិកាសរុបចំនួន ១០,៨០០,០០០រៀល ៕