(ភ្នំពេញ)៖ សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយនៅរាជធានីភ្នំពេញ ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល២ថ្ងៃមកនេះ។ នេះបើតាមការឲ្យដឹងពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

បើតាម លោក ម៉េត មាសភក្តី នៅក្នុងកំឡុងពេល២ថ្ងៃកន្លះ នៃពិធីបុណ្យចូលឆ្នាំ នៅក្នុងរាជធានីភ្នំពេញ មានបទល្មើស តែ១ករណីទេ គឺករណីឆក់ នៅមូលដ្ឋានខណ្ឌប្ញស្សីកែវ។ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានភ្លាមៗផងដែរ ហើយជុំវិញបទល្មើសផ្សេងៗ ពុំមានករណីកើតឡើងនោះទេ។

លោកបន្តថា ដោយឡែក ចំពោះករណីគ្រោះថ្នាក់ចរាចណ៍ មាន៧ករណី ក្នុងនោះ ថ្ងៃទី១ មាន៥ករណី ហើយនៅថ្ងៃទី២ មាន២ករណី។ ជារួមបញ្ហាសន្តិសុខ សុវត្ដិភាព សណ្តាប់ធ្នាប់ ផ្សេងៗ គឺរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបានល្អប្រសើរ ក្នុងការរៀបចំបង្កលក្ខណៈជូនប្រជាពលរដ្ឋ បានកម្សាន្ដសប្បាយ។

ដោយឡែកបញ្ហាចរាចរណ៍ ដោយសាររយៈពេល៣ថ្ងៃមកនេះ ប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីរាជធានីភ្នំពេញ ហើយកម្លាំងចរាចរណ៍បានចេញសម្រួលចរាចរណ៍ តាមច្រកចេញទាំង៦ នៃរាជធានី នៃបុណ្យចូលឆ្នាំមកដល់ រួមទាំងថ្ងៃទី១ ដែលទទួលទេវតារួចហើយ គឺប្រជាពលរដ្ឋបានសម្រុកចាកចេញពីរាជធានី ទៅស្រុកកំណើតទៀត។ ដូច្នេះយើងបានដាក់កម្លាំងចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយក៏ត្រៀមសម្រាប់ថ្ងៃទី៣ និងថ្ងៃចុងក្រោយ ដែលប្រជាពលរដ្ឋវិលត្រឡប់ចូលរាជធានីវិញផងដែរ។

លោក មាស ភក្តី បន្តទៀត នេះជាកិច្ចការដែលលោក ឃួង ស្រេង អភិបាលរាជធានី ក្នុងនាមគណៈបញ្ជាការឯកភាពរាជធានី បានគិតគូរទាំងបញ្ហាសន្តិសុខ សណ្តប់ធ្នាប់ ក៏ដូចសម្រួលចរាចរណ៍ប្រជាពលរដ្ឋ៕