(សៀមរាប)៖ នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២២ ជាថ្ងៃវារៈវនបតនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពុទ្ធសករាជ២៥៦៥ ឈានចូល២៥៦៦ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា អគ្គរាជទូតសុឆន្ទៈដើម្បីស្ត្រីប្រចាំសហគមន៍អឺរ៉ុប ព្រមទាំងញាតិវង្សានុវង្សបានយាងរៀបចំអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅដំណាក់ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។
សង្ក្រាន្តនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលមានពីយូរលង់ណាស់មកហើយ ទាំងការរៀបរណ្តាប់ពិធី សម្លៀកបំពាក់ និងការលេងល្បែងប្រជាប្រិយផ្សេងៗឱ្យសមតាមទម្រង់បែបបទពីបរមបុរាណ។ ហេតុនេះហើយអ្នកចូលរួមក្នុងកម្មវិធីគ្រប់រូបបាននាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណី ដូចជាស្លៀកសំពត់ ចងក្បិន សំពត់ហូល ផាមួង ពាក់អាវប៉ាក់ អាវកបំពង់ ខោចែវ និងក្រមាផងដែរ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សោមា មានសុវណ្ណីថា មូលបទនៃ «សង្ក្រាន្តតេជោ» នេះ ក្នុងន័យរម្លឹកដល់វីរភាពសម័យតេជោគ្រប់ជំនាន់ ជាពិសេសសម័យតេជោសែន នាពេលបច្ចុប្បន្ន ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិរបស់យើង ដើម្បីបញ្ចប់សង្រ្គាមរ៉ាំរៃនៅកម្ពុជា នាំមកឱ្យកម្ពុជានូវសុខសន្តិភាព ស្ថិរភាពនយោបាយ តាមរយៈការចរចាបង្រួបបង្រួមជាតិឱ្យមកនៅក្រោមឆ័ត្រសន្តិភាពតែមួយ និងបានកសាងអភិវឌ្ឍប្រទេសជាតិតាំងពីបាតដៃទទេរ សល់ពីរបបខ្មែរក្រហម ឱ្យមានការរីកច្រើនលូតលាស់ស្ទើរគ្រប់វិស័យមកដល់បច្ចុប្បន្ន។
អ្នកអង្គម្ចាស់រម្លឹកថា ដោយសារតែសង្គ្រាមប្រទេសជាតិត្រូវវិនាសស្ទើរក្លាយជាផេះផង់ បាត់បង់សាសនា ប្រពៃណីទំនៀបទម្លាប់ ជាពិសេសក្នុងសម័យខ្មែរក្រហម កុំថាឡើយតែប្រជារាស្ត្រ សូម្បីតែព្រះមហាក្សត្រ និងខ្សែរាជវង្សក៍ត្រូវរងទុក្ខលំបាកនិរាស្តបែកគ្នាផងដែរ។ ហេតុនេះយើងត្រូវនាំគ្នាថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះ ឱ្យស្ថិតស្ថេរគង់វង្ស តាមរយៈរក្សាសាមគ្គីគ្នា និងនាំគ្នាប្រព្រឹត្តតែអំពើល្អ។
អ្នកអង្គម្ចាស់បានសម្តែងនូវភាពត្រេកអររីករាយ និងអរគុណសន្តិភាព អរគុណសម្តេចតេជោ ដែលបានផ្តល់ជូនវ៉ាក់សាំងចាក់ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជម្រុញ ផ្តល់នូវយ័នការពារយ៉ាងសាកសិទ្ឋិ គឺ វិធានការ៣កុំ និង៣ការពារ ទើបពួកយើងមានឱកាសបានជួបជុំនិងដើរកំសាន្តនាពេលនេះ។ ដោយសារតែកត្តាសន្តិភាព និងការខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភ្ញៀវបរទេស មានឱកាសបានអញ្ជើញមកចូលរួម ក្នុងពិធីចូលឆ្នាំថ្មីលើទឹកដីទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌសៀមរាបអង្គរ។
សូមជំរាបថា កម្មវិធីកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមមូលបទ «សង្ក្រាន្តតេជោ» រៀបចំឡើងជាលក្ខណៈសហគមន៍ ដោយមានការយាងនិងអញ្ជើញចូលរួមពីខ្សែព្រះញាតិវង្ស ឯកឧត្តម លោកជំទាវ ឧកញ៉ា និងបងប្អូនប្រជាពលរដ្ឋជិតខាងសរុបជាង១០០រូប។ ហើយពិធីនេះបានរៀបចំឡើងតាមបែបប្រពៃណីទំនៀមទម្លាប់សាសនា ដោយមានការទូងស្គរ អុជទៀនធូប បួងសួង បូជាផ្កាភ្ញី គ្រឿងក្រអូប ថ្វាយដល់ទេវតាឆ្នាំថ្មី នាំមកនូវសិរីសួស្តីជ័យមង្គលសព្វប្រការដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស សូមបានប្រកបដោយសេចក្តីសុខចំរុងចម្រើន ចៀសផុតពីជំងឺដំកាត់និងភ័យន្តរាយនានា ។
ជាមួយគ្នានេះក៍មានការរៀបចំទទួលទានអាហារសាមគ្គី ដូចជានំបញ្ចុកសម្លប្រហើរ សម្លការី បង្អែមខ្មែរជាច្រើនមុខផងដែរ ព្រមទាំងមានរបាំត្រុដិ របាំប្រពៃណី និងការរាំលេងសប្បាយទៀតផង៕