(ភ្នំពេញ)៖ ប្រមុខការទូត និងប្រមុខរដ្ឋរបស់ប្រទេសសិង្ហបុរី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឲ្យកាន់តែល្អប្រសើរថែមទៀត។
ដំណឹង នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan និងប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ មកបំពេញទស្សនកិច្ចនៅកម្ពុជានេះ ត្រូវបានរំលេចឲ្យដឹងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា លោក Kevin Cheok នៅក្រសួងក្រសួងការបរទេស នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនេះថា ក្រសួងការបរទេសកម្ពុជា និងស្ថានទូតរបស់សិង្ហបុរី កំពុងពិភាក្សា និងរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រមុខការទូត និងប្រមុខរដ្ឋរបស់សិង្ហបុរី។
លោក Kevin Cheok បានហៅការបំពេញទស្សនកិច្ចរបស់ប្រមុខការទូត និងប្រមុខរដ្ឋរបស់សិង្ហបុរី មកកាន់ប្រទេសកម្ពុជា គឺជារឹតបន្តឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសិង្ហបុរី។
ក្នុងជំនួបពិភាក្សាការងាររវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក Kevin Cheok នាព្រឹកមិញ បានវាយតម្លៃ និងមានសុទិដ្ឋិនិយមខ្ពស់ទៅលើទំនាក់ទំនងរវាង កម្ពុជា-សិង្ហបុរី គ្រាដែលសិង្ហបុរី ឈរនៅលំដាប់ទី៩ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក Kevin Cheok ក៏បានបង្ហាញពីការប្តេជ្ញារបស់ខ្លួន ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាឲ្យកាន់តែខ្ពស់ថែមទៀត។
ក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បានបញ្ជាក់ពីបំណងរបស់ក្រសួងការបរទេសសិង្ហបុរី ក្នុងការអញ្ជើញលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ឲ្យទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសសិង្ហបុរី នាពេលខាងមុខផងដែរ។
លោក ប្រាក់ សុខុន បានថ្លែងថា លោកនឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅសិង្ហបុរី៕