(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបជនសង្ស័យ ចំនួន៤នាក់ជាបន្តបន្ទាប់ ដោយជនសង្ស័យទាំង០៤នាក់ គឺជាមុខសញ្ញាសកម្ម ក្នុងការលួចម៉ូតូរបស់ប្រជាពលរដ្ឋ និងជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ព្រមទាំងធ្វើការដកហូតបានវត្ថុតាង ម៉ូតូចំនួន០២គ្រឿង និងផ្លាកលេខម៉ូតូ១សន្លឹក។
របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានស្រាវជ្រាវចាប់ខ្លួនជាបន្ដបន្ទាប់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ នុយ ហឿន ហៅពែក អាយុ២៦ឆ្នាំ, ទី២៖ ឈ្មោះ មុត ឧត្តម អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ស័ក គឹមស៊ុន ហៅម៉ក់ អាយុ២៦ឆ្នាំ និងទី៤៖ ឈ្មោះ សឹក គ្រីយ៉ា ហៅយ៉ា អាយុ១៦ឆ្នាំ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានវត្ថុតាង ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងម៉ាក Scoopy ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម គ្មានផ្លាកលេខ, ស្លាកលេខម៉ូតូ ១សន្លឹក ដែលជនសង្ស័យកាច់បាក់ជា ០៣កំណាត់ និងមួកសុវត្ថិភាពមួយ។ ចំពោះករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕