Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៦-២០១៧ ក្រោមអធិបតីភាព សម្តេចសង្ឃរាជ ទេព វង្ស

10-05-2016 11:38

(ភ្នំពេញ)៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៦-២០១៧ ដើម្បីបន្តការបណ្ដុះបណ្ដាលឆ្នាំសិក្សាថ្មី ដល់បណ្ដាសមណសិស្ស-និស្សិត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្សឱ្យកាន់រីចម្រើនតទៅទៀត ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ។

ក្នុងពិធីប្រារព្ធបើកបវេសនកាលថ្មីនេះ ត្រូវបានធ្វើឡើងក្រោមសហព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និង សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។

ពិធីខាងលើនេះ ក៏មានការចូលលរួមពី សម្តេចព្រះពោធិវង្ស អំ លឹមហេង  លោក ណាវីន ស្រីវ៉ាស្តាវ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅ កម្ពុជា លោកមហាបណ្ឌិតសាស្ត្រាចារ្យ លោកេស ចន្ត្រា នាយកសាកលវិទ្យាល័យញូដាលី (ប្រទេសឥណ្ឌា) ព្រមទាំងមន្ត្រីសង្ឃ មន្ត្រីរាជការ សាស្ត្រាចារ្យ សមណនិស្សិត-និស្សិតទាំងអស់សរុបប្រមាណ ២៥០រូប។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សា ដំបូងគេនៅកម្ពុជា និងជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានវ័យចំណាស់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះតាមរយៈបទពិសោធ ដ៏យូរលង់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព និង ជោគជ័យរបស់ខ្លួននោះ។

លោកបានបន្តទៀតថា កាលពីពេលថ្មីៗនេះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានចេញសេចក្ដីជូនដំណឹងសិក្សាពិសេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តម្លៃត្រឹមតែ ៤៥០ដុល្លារប៉ុណ្នោះក្នុងមួយឆ្នាំ ដែលផ្តោតលើឯកទេស ៣សំខាន់ ដូចជា ទស្សនវិជ្ជា, អក្សរសាស្ត្រខ្មែរ, គ្រប់គ្រងអប់រំ៕