(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា សម្តេចឯកភាពឲ្យបង្កើតគណៈកម្មការដេញ ថ្លៃឈើជាង៧ម៉ឺនគូប ដែលរឹបអូសពីការជួញដូរខុសច្បាប់នោះ ដើម្បីកែច្នៃផ្គត់ផ្គង់នៅក្នុងស្រុក តែមិនមានការជួញដូរទៅក្រៅប្រទេសនោះទេ។ 

សម្តេច ហ៊ុន សែន បន្តថា ការបង្កើតគណៈកម្មការដេញថ្លៃឈើ ជាង៧ម៉ឺនគូប គឺជាការសម្រួលទៅដល់ការងាររបស់ ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីសម្តេច សង្កេតឃើញថា ក្រសួងអប់រំ យុវជន និងកីឡា គ្មានលទ្ធភាពដើម្បីទៅដឹក ជញ្ជូនយកឈើទាំងអស់នោះ។

ថ្លែងឲ្យដឹងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅព្រឹកនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នោះថា «ខ្ញុំបានប្រកាសថាឈើដែលចាប់ បានទាំងអស់មិនដាក់ឲ្យដេញថ្លៃនាំចេញទេ ឈើទាំងអស់ ត្រូវប្រើចូលទៅក្នុងវិស័យអប់រំដោយ យកទៅធ្វើជាសាលារៀន យកទៅធ្វើជាផ្ទះគ្រូបង្រៀនជាដើមប៉ុន្តែឆ្លងតាម ការពិភាក្សាគ្នានោះ ឈើរឹបអូសបានប្រមាណជា៧ម៉ឺនគូប ក្រសួងអប់រំគ្មានលទ្ធភាពដើម្បីយកទៅអារខ្លួនឯងនោះទេ ដូច្នេះហើយបានជាក្រសួងមាន សំណូមពរដើម្បីធ្វើ ការដេញថ្លៃសម្រាប់ការប្រើប្រាស់។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីខ្ញុំនឹកឃើញថា ឈើខ្លះនៅក្នុងព្រៃឲ្យអ្នកគ្រូ លោកគ្រូ ទៅដឹកគឺងាប់ហើយចឹងខ្ញុំ ក៏យល់ព្រមបង្កើតគណៈកម្មការឲ្យធ្វើការដាក់ ដេញថ្លៃការប្រើប្រាស់ក្នុងស្រុក មិនមែនសម្រាប់បញ្ចូនទៅក្រៅប្រទេសទេ ប៉ុន្តែថវិកាដែលបានមកពីឈើខុសច្បាប់ ត្រូវប្រើប្រាស់ថវិកានោះបន្ថែម លើកថវិកាខាងវិស័យអប់រំ ចឹងគេអាចយកទៅច្នៃពីការយកឈើទៅយកលុយ ហើយយកលុយទៅទិញឈើធ្វើសាលា ផ្ទះគ្រូ វាមានអីទាស់គ្នា ចឹងចំណុចនេះ គ្រាន់តែបញ្ជាក់ដើម្បីកុំឲ្យអ្នកចាំចាប់កំហុសចេះតែចាប់»

កន្លងមក សម្តេច ហ៊ុន សែន បានប្រកាសប្រគល់ឈើជាង ៧ម៉ឺនគូប ដែលរឹបអូសបានពីការកាប់ឈើខុសច្បាប់ ទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកទៅសាងសង់ សាលារៀន និងផ្ទះ ជូនលោកគ្រូ អ្នកគ្រូ តែដោយសារតែ ក្រសួងបានអះអាងថា ពុំមានលទ្ធភាពគ្រប់គ្រាន់ និងពិបាកនៅក្នុងការ ដឹកជញ្ចូនចេញពីព្រៃ ទើបសម្តេច ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ ដេញថ្លៃឈើជាង ៧ម៉ឺនគូប ដើម្បីសម្រួលការងារដល់ក្រសួងអប់រំ យុវជន និងកីឡា៕