(បន្ទាយមានជ័យ)៖ ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ បានអញ្ជើញទៅសំណេះសំណាលជាមួយបងប្អូនឥស្លាម នៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិពិសេស សម្តេចតេជោហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ការធ្វើឱ្យសុខដុមភាវូបនីយកម្មជនជាតិ និងសាសនាមិនអាចមើលរំលង ផ្តល់ឱកាសឱ្យសហគមឥស្លាមចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសន្ដិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ផ្តល់ក្របខណ្ឌគ្រូបង្រៀនជួយកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនឥស្លាម និងបន្តការផ្តល់បន្ថែមបើចាំបាច់ ការអនុញ្ញាតឲ្យសិស្សស្រីស្លៀកសំលៀកបំពាក់ឥស្លាម និងការអនុញ្ញាតឲ្យថតរូបមិនបាច់ចេញស្លឹកត្រចៀក គ្មានការបៀតបៀនគ្មានការរើសអើងមានតែការរួបរួមធ្វើឲ្យប្រទេសបាននូវសេចក្តីសុខ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អមដំណើរដោយក្រុមការងារបន្តអញ្ជើញចុះសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តនៅវត្តសង្ឃប្រាសាទរាជ (ហៅវត្តចាស់) ស្ថិតនៅឃុំភ្នំតូច ក្នុងទីរួមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយបានថ្លែងពីតម្លៃនៃសុខសន្តិភាព និងបានអំពាវនាវឱ្យបងប្អូនទាំងអស់ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ព្រោះថាសង្រ្កាន្តឆ្នាំថ្មីអាចប្រារព្ធធ្វើបានតែក្នុងស្ថានភាពប្រទេសគ្មានសង្រ្គាម «មានសង្រ្គាម គឺគ្មានសង្ក្រាន្ត»។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តីក៏បានបន្តថ្លែងអំណរគុណដល់មាតាបិតាទាំងអស់ ដែលបានខិតខំអប់រំបុត្រធីតាបានយ៉ាងល្អ ចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គ្រប់ដូស ចៀសចាកផុតពីបញ្ហាសង្គម ពិសេសបញ្ហាគ្រឿងញៀន។

សូមជម្រាបថា ក្នុងពិធីសំណេះសំណាលទាំងពីរកម្មវិធីនៅស្រុកមង្គលបូរីនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកទេយ្យវត្ថុ បច្ច័យ និងអំណោយ ទៅវេរប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ផងដែរ៕