(ព្រះសីហនុ)៖ លោក លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាបត្យករកំពុងមានភាពល្បីល្បាញមួយរូប បានអះអាងរូបសំណាកព្រះថោង-នាងនាគ ដាក់តាំងបង្ហាញនៅរង្វង់មូលចំណុចប្រសព្វមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាមក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានគូរដោយដៃកូនខ្មែរ ហើយក៏ជារចនាបថរបស់ខ្មែរសុទ្ធសាធ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក លី រស្មី បានរំលឹកពីដំណើរដើមទងដែលនាំឱ្យមានការសាងសង់រូបសំណាកព្រះថោង-នាងនាគថា ដើម្បីបង្ហាញនូវអត្តសញ្ញាណរបស់ខ្មែរក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងទំនើបមួយ ហើយមិនសូវមានអ្វីដែលសម្គាល់ពីអត្តសញ្ញាណរបស់ខ្មែរ។
លោក លី រស្មី បានបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងគម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៧ខ្សែនៅក្នុងក្រុងព្រះសីហនុនេះ យើងបានឆ្លៀតបញ្ចូលនូវអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរក្នុងហ្នឹង។ អ៊ីចឹងការកសាងនេះ យើងមិនមែនកសាងតែផ្លូវទេ តែយើងព្រះបដិមាមួយចំនួនទៀត។ យើងដឹងហើយថា ទីក្រុងព្រះសីហនុ គឺជាទីក្រុងទំនើបមួយ ដែលមិនសូវមានអត្តសញ្ញាណជាលក្ខណៈខ្មែរប៉ុន្មានទេ ហេតុដូច្នេះហើយគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានសម្រេចជ្រើសរើសយករូបព្រះបដិមាមួយចំនួន ដើម្បីតាំងលំអរនៅទីសាធារណៈក្នុងក្រុងព្រះសីហនុ»។
ឈរលើហេតុផលនេះហើយ ទើបគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ដែលលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាប្រធាន បានសម្រេចសាងសង់បដិមាព្រះថោង-នាងនាគ, បដិមា ព្រះវិស្ណុ និងព្រះនាងឧមាភគវតី ឬហៅថា ឧមាមហេស្វរៈ និងបដិមា សីហរាជមុខ៣។
រូបបដិមាព្រះថោងនាងនាគនេះ សាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលមកុដ ២១ម៉ែត្រ តម្កល់់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ហើយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម។ បដិមាព្រះថោង-នាងនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ។
លោក លី រស្មី បានអះអាងថា ក្រុមការងារបច្ចេកទេសរបស់លោក បានស្រាវជ្រាវ និងគូររូបនេះឡើងដោយចំណាយពេលជិត៣ខែ។ បន្ទាប់ពីបានគូរជា 3D រួចហើយទើបបញ្ជូនទៅចាក់ពុម្ពនៅប្រទេសចិន។ ពាក់ព័ន្ធលើការងារចាក់ពុម្ពនេះ លោក លី រស្មី ក៏ឆ្លៀតបំភ្លឺផងដែរ ចំពោះយល់ច្រឡំមួយចំនួនថា រូបបដិមានេះ ត្រូវធ្វើឡើងដោយចិន។
លោក លី រស្មី បានបញ្ជាក់ដូច្នេះ «បងប្អូនយើងមួយចំនួន គាត់យល់ថា រូបចម្លាក់ហ្នឹង គឺចិនជាអ្នកធ្វើ។ ខ្ញុំសូមបញ្ជាក់ផងដែរថា រូបចម្លាក់ហ្នឹងមិនមែនចិន ជាអ្នកធ្វើនោះទេ គឺខ្មែរជាអ្នកធ្វើ។ ប៉ុន្តែយើងធ្វើ 3D ក្បាច់ក្បូរទាំងអស់។ ខ្ញុំសូមបញ្ជាក់ផងដែរថា ក្បាច់រចនា គ្រឿងលំអរនៅព្រះកាយព្រះថោង-នាងនាគ ក្រៅពីខ្មែរយើងមិនងាយនរណាធ្វើកើត ព្រោះក្បាច់លំអហ្នឹង គឺជាក្បាច់មរតកដូនតាខ្មែរយើង។ អ៊ីចឹងគេធ្វើមិនសម មិនអាចដូចយើងធ្វើទេ។ នៅពេលយើងធ្វើរូបជាម៉ូដែល 3D រួចហើយ ដោយសារនៅស្រុកខ្មែរយើងអត់មានរោងចក្រធំក្នុងការស្លស្ពាន់ចាក់រូបបដិមាធំ ទើបយើងបញ្ជូនរូប 3D ហ្នឹង ទៅចាក់ពុម្ពនៅស្រុកចិន»។
ស្ថាបត្យករវ័យក្មេងពោរពេញដោយសមត្ថភាពផ្នែកស្ថាបត្យកម្មរូបនេះ ក៏បានបញ្ជាក់ផងដែរថា រូបបដិមាព្រះថោង-នាងនាគ ត្រូវបានសាងសង់ឡើងដោយប្រើរចនាបទសម័យកណ្តាល ដែលរចនាបថនេះ មានលក្ខណៈពិសេស ដោយមានមកុដស្រួចខ្ពស់ ហើយគ្រឿងលំអរលើព្រះកាយ គឺខុសពីរចនាបថអង្គរ ឬមុនអង្គរ។
លោកបានបញ្ជាក់ដែរថា មានឯកសារជាច្រើនដែលត្រូវបានយកប្រើជាឯកសាយោង ដើម្បីសាងសង់រូបព្រះបដិមានេះ ដូចជារូបគំនូរនៅក្នុងព្រះបរមរាជវាំង និងសម្លៀកបំពាក់នៅក្នុងរបាំបុរាណខ្មែរជាដើម។
«មុននឹងយើងចេញរូបបដិមាព្រះថោង-នាងនាគ គឺយើងបានសិក្សាច្រើនមែនទែនទៅលើទម្រង់សិល្បៈខ្មែរយើង ដើម្បីធ្វើរូបបដិមាហ្នឹងឱ្យបានល្អ។ ជាពិសេសគ្រឿងលំអរតាក់តែងកាយ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក លី រស្មី។
បើទោះបីជាយ៉ាងណាលោក លី រស្មី បានទទួលស្គាល់ថា មិនមាននរណាម្នាក់បានដឹងពីព្រះភក្ត្ររបស់ព្រះថោង និងនាងនាគ ហើយក៏មិនដឹងពីការតាក់តែងព្រះកាយរបស់ព្រះអង្គនាពេលនោះយ៉ាងណាដែរ តែក្រុមការងារបានប្រឹងប្រែងសម្រិតសម្រាំងរូបបដិមានេះឡើយឱ្យត្រូវនឹងបរិបទនៃការរស់នៅរបស់ខ្មែរ។
ក្នុងនាមជាស្ថាបត្រករជំនាន់ក្រោយមួយរូបរបស់កម្ពុជា លោក លី រស្មី បានបង្ហាញនូវការរីករាយ ហើយក៏មានមោទនភាពផងដែរ ចំពោះការបានចូលរួមចំណែកបន្សល់ស្នាដៃស្ថាបត្យកម្មតាមរយៈសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរូបបដិមានៅក្នុងខេត្តព្រះសីហនុ ដើម្បីជាមរតកសម្រាប់ខ្មែរជំនាន់ក្រោយ។
សូមបញ្ជាក់រូបបដិមាព្រះថោង-នាងនាគ នឹងត្រូវធ្វើពិធីអភិសេកនៅថ្ងៃសៅរ៍ ទី១៦ ខែមេសា ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ព្រះបដិមាព្រះថោង-នាងនាគ បន្ទាប់ពីបានដាក់តម្កល់លើបាល្ល័ង្គរួចរាល់ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយបាននាំគ្នាទៅថតរូបភាពទុកជាអនុស្សាវរីយ៍។
សូមបញ្ជាក់ផងដែរថា ព្រះថោង-នាងនាគ ដ្បិតជានិទានកថា តែក៏ជាដំណើររឿងពាក់ព័ន្ធទៅនឹងអាណាចក្រនគរភ្នំ ដែលជាទឹកដីដំបូងរបស់កម្ពុជា។
តាមឯកសារប្រវត្តិសាស្ត្រ បានចងក្រងមកថា ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម និងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគរស់នៅតាំងពីយូរលង់មកហើយ។
ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលឱ្យព្រាហ្មណ៍ ហ៊ុន ទៀន ធ្វើដំណើរមកកាន់នគរភ្នំនេះ ព្រោះយប់មួយព្រះបាទ ហ៊ុន ទៀន បានយល់សប្ដិឃើញថា ទេវតាបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាឱ្យព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។
លោក កាំង ថៃ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិន្ដមែន។ ដោយសុបិន្ដឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្នំ តាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន បានពើបប្រយុទ្ធជាមួយរាជធានីនៃរដ្ឋនេះ ដែលលោក កាំង ថៃ ថា មានព្រះនាម លីវយី។ ព្រះនាង លីវយី ដែលបាននាំកម្លាំងទ័ពមកវាយលុកលើសំពៅព្រះបាទ ហ៊ុន ទៀន មុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លីវយី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។
ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវយី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។
ប្រភពមួយទៀតដែលរៀបរាប់ពីព្រឹត្តិការណ៍នេះដែរ គឺសិលាចារិកចាម នៅមីសឺន (គ្រិស្ដសករាជ ៦៥៨) បានឱ្យដឹងថា ព្រះបាទ ហ៊ុន ទៀន ដែលចិន ហៅនោះ មានព្រះនាម កៅណ្ឌិន្យ ឯព្រះនាង លីវយី វិញ មានព្រះនាម សោមា ជាកូនព្រះច័ន្ទ។ ឯខាងព្រះរាជពង្សាវតារនៃព្រះរាជាណាចក្រកម្ពុជាវិញ បានហៅព្រះនាមថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលទំនៀមទម្លាប់ប្រពៃណីជាច្រើន ឱ្យជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះ។
រួមសេចក្តីមក ព្រះបាទ ហ៊ុន ទៀន ឬ កៅណ្ឌិន្យ ឬ ព្រះថោង និងព្រះនាង លីវយី ឬ ព្រះនាង សោមាកូនព្រះច័ន្ទ ឬ នាងនាគ នេះហើយ ដែលជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរជាដំបូងគេបង្អស់នោះ។ ម៉្យាងទៀត គឺពេលនោះហើយដែលព្រះថោង ឬ កៅណ្ឌិន្យ ឬ ហ៊ុន ទៀន ដែលជាជាតិឥណ្ឌា បាននាំយកនូវទំនៀមទម្លាប់ប្រពៃណីផ្សេងៗពីប្រទេសឥណ្ឌា មានសាសនា ភាសា អ្នកប្រាជ្ញអក្សរសាស្ត្រ ច្បាប់ទម្លាប់ផ្សេងៗ ពិសេស គឺរបៀបរៀបចំ ឬគំនិតដឹកនាំប្រទេសតាមបែបរាជាធិបតេយ្យមកបន្ថែមឱ្យ ឬបញ្ចូលគ្នានឹងអ្វីៗដែលសង្គមខ្មែរមានរួចទៅហើយ ដូចជាជំនឿលើព្រលឹងដូនតា គោរពមេបា អារក្ខអ្នកតា និងលទ្ធិមាតាធិបតេយ្យយកមេជាធំ ដែលជាហេតុធ្វើអោយសង្គមខ្មែរក្នុងសម័យនោះមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។
ចំពោះឈ្មោះនគរ វិញ គឺប្រហែលពីពេលនោះមកហើយដែលមានឈ្មោះថា នគរភ្នំ ព្រោះតាមឯកសារចិន បាននិយាយច្បាស់ថា អធិរាជអាណាចក្រភ្នំមានឋានន្តរនាមថា គូឡុង គឺក្រុងដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ ម៉្យាងទៀត តាមការនិយមរបស់ជនជាតិចិន គេច្រើនប្រើឈ្មោះ ឬពាក្យតែមួយសម្រាប់សម្គាល់ប្រទេសផង ប្រជារាស្ត្រផង រាជធានីផង ឬក៏ឋានន្តរនាមរបស់អ្នកដឹកនាំផង។
ដូច្នេះពាក្យ ហ្វូណន ដែលចិនហៅនេះ ប្រហែលជាហៅតាមឋានន្តរនាមព្រះចៅអធិរាជ គឺកុរុងវ្នំ ហើយ ហ្វូណន គឺជាសំនៀងចិន នៃពាក្យវ្នំ ឬភ្នំរបស់ខ្មែរនេះឯង។ ឯការដែលអធិរាជអាណាចក្រភ្នំ មានឋានន្តរនាមក្រុងវ្នំដូច្នេះ គឺប្រហែលជាមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួប និងព្រះឥសូរ។
ឯកសារចិន បានរៀបរាប់ថា ព្រះអាទិទេពយាងចុះពីលើភ្នំម៉តាន់ ជាញឹកញាប់ ព្រះអង្គបានយកទីនោះ ដើម្បីបញ្ចេញមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។ ព្រះចៅអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចម្រើន ដោយសារសកម្មភាពនោះផងដែរ។ ចំណែករាជធានីនៃអាណាចក្រនគរភ្នំវិញ មានឈ្មោះថា វ្យាធៈបុរៈ ប្រហែលស្ថិតនៅម្តុំបាភ្នំ មានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីសមុទ្រ៕