(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងសហការី នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងកម្មវិធីជួបជុំ ហូបនំបញ្ចុកខ្មែរ និងសំណេះសំណាលជាមួយព្រះសង្ឃ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុក ចំនួនបី ស្មើនឹង៤ វត្ត ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករា ២៥៦៦។
ទីអារាមទាំងបួន ដែលថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនោះ មានដូចជា៖
*ទី១ ៖ វត្តរតនបុប្ផារាម (ហៅវត្តមហាខ្ញូង) ស្ថិតនៅភូមិមហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន។
*ទី២ ៖ វត្តមហិទ្ធិការាម(ហៅវត្តក្បាលកោះ)ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ។
*ទី៣ ៖ វត្តអម្ពវ័នសត្ថារាម(ហៅវត្តស្វាយតានាន់) ស្ថិតនៅភូមិស្វាយតានាន់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ។
*ទី៤ ៖ វត្តសោភ័ណមុន្យារាម (ហៅវត្តកោះតាង៉ោ) ស្ថិតនៅភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស។
ក្នុងឱកាសសំណេះសំណាលដោយភាពរីករាយជាមួយប្រជាពលរដ្ឋនាពេលនោះ លោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងបាននាំមក នូវសុខសន្តិភាព ពេញលេញជូនជាតិមាតុភូមិ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។
ក្រៅពីនោះ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងថែរក្សាសន្តិសុខទាំងអស់ សូមឲ្យខិតខំ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសន្តិសុខល្អ ក្នុងឱកាសប្រជាពលរដ្ឋយើង នាំគ្នាលេងកំសាន្តតាមទីសាធារណៈ និងទីវត្តអារាមជាដើម ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានប្រគេនថវិកាដល់វត្តទាំង៤ ដោយក្នុង១វត្តៗ ទទួលបានថវិកា ៥០មុឺនរៀល រដ្ឋបាលឃុំ ចំនួន៤ ចំនួន ២,២០០,០០០រៀល ជូនដល់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់នៅតាមទីវត្តអារាម និងទីសាធារណៈ ព្រមទាំងលោកយាយ និងយុវជនផងដែរ ៕